នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន» ដែលបានប្រារព្ឋធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិសាន់តិច សាធារណរដ្ឋសិង្ហបុរី ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯឧ លី ស៊ានឡុង នាយករដ្ឋមន្រ្តី សិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ផងដែរ។
ថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំ ឯឧ លី ស៊ានឡុង នាយករដ្ឋមន្រ្តី សិង្ហបុរី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអាស៊ានដែលមានសមត្ថភាពចូលរួម និងសហការជាមួយបណ្ដាប្រទេសធំៗ និងអង្គការអន្តរជាតិនានា រួមទាំងការរៀបចំកិច្ចប្រជុំអាស៊ាននានា ដូចជាអាស៊ានបូកបី និង EAS ជាដើម។ នៅថ្ងៃនេះអាស៊ានគឺជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាមួយនឹងកំណើនយុវជនវ័យកណ្ដាល និងយុវជនវ័យពេញធ្វើការ អាស៊ាននឹងកា្លយជាមហាអំណាចសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកនៅឆ្នាំ២០៣០ ពោលគឺអនាគតអាស៊ានកំពុងមានភាពភ្លឺស្វាង។ នៅពេលនេះគឺយើងត្រូវតែដោះស្រាយបញ្ហាប្រឈមថ្មីៗដោយផ្អែកលើយុទ្ធសាស្រ្តថ្មី និងការផ្លាស់ប្ដូរសំខាន់ៗតាមរយៈបច្ចេកវិទ្យាឌីជីថល។ បច្ចេកវិទ្យាឌីជីថលបានរំខានដល់សេដ្ឋកិច្ចរបស់យើង និងបានផ្លាស់ប្ដូរទម្លាប់ការរស់នៅ ការធ្វើការ និងការទំនាក់ទំនងរបស់យើង រួមមានទាំងការវាយប្រហារតាមព័ត៌មានវិទ្យាទៀតផង។ ព្រមពេលជាមួយគ្នានេះ ការគំរាមកំហែងពីភេរវកម្ម និងការប្រែប្រួលអាកាសធាតុក៏ជាក្ដីកង្វល់របស់យើងផងដែរ។ ភេរវកម្មគឺមិនមែនត្រឹមតែគំរាមកំហែងដល់សន្តិសុខតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់ជាតិសាសន៍នានា និង សាសនាជាច្រើននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។