(ភ្នំពេញ) ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្នុងការពិនិត្យលើសមិទ្ធិផល នៃដំណើរការរយៈពេល៦ខែកន្លងមកនេះ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ក្រៅពីកិច្ចស្វាគមន៍ដល់អង្គប្រជុំ ដែលមានទិដ្ឋភាពការងារជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ដោយមានការតភ្ជាប់Video Conference ទៅកាន់ខេត្តក្រុង និងស្ថាប័នរដ្ឋដទៃទៀត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចែករំលែកនូវព័ត៌មាននៃស្ថានភាពនយោបាយសាកល ក៏ដូចជាស្ថានភាពនយោបាយជាក់ស្ដែងរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្ដេច ដែលមានឧត្តមភាព និងប្រសិទ្ធភាពក្នុងការធានានូវប្រក្រតីភាពការងាររដ្ឋ ក៏ដូចជាអធិបតេយ្យជាតិ និងអំណាចប្រជាពលរដ្ឋក្នុងកិច្ចទទួលខុសត្រូវ លើជោគវាសនារបស់ខ្លួន។
សម្ដេចតេជោ បានប្រាប់អង្គប្រជុំ ដែលមានវត្តមានប្រតិភូគណបក្សនយោបាយ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ គឺរាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ក្នុងការឆ្លើយតបនឹងប្រាក់បៀរវត្សមន្រ្ដីរាជការ ក៏ដូចជាកិច្ចថែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលកម្ពុជាជាម្ចាស់កម្មសិទ្ធិ។
នៅក្នុងវេទិការនេះផងដែរ សម្ដេចតេជោក៏បានបង្ហាញនូវគោលជំហរម៉ឺងម៉ាត់ ក្នុងកិច្ចថែរក្សាសន្ដិភាព “មិនអនុញ្ញាតឱ្យជនណាមួយ មានឱកាសបំផ្លាញសន្ដិភាព និងស្ថិរភាពកម្ពុជាបានឡើយ ហើយក៏មិនឱ្យឱកាសដល់ជនណា អង្គការណា ឬបរទេសណា ជ្រៀតជ្រែកក្នុងភាពកំរោលណាមួយបានឡើយ៕