អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សម្អាតអនាម័យបរិស្ថានក្នុងឧទ្យានសហសវត្សរ៍ កាកបាទក្រហមកម្ពុជា ដើម្បី អបអរសាទរខួបលើកទី៦៥ កំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភ: ១៩៥៥ – ១៨ កុម្ភ: ២០២០)

ឆ្នាំនេះជាខួបលើកទី៦៥ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២០) លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំគណ:កម្មាធិការ គណ:កិត្តិយសសាខា មន្ត្រីនិយោជិតសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជនកាកបាទក្រហម មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីមន្ទីរបរិស្ថានខេត្ត គរុសិស្សនៃសាខាគរុកោសល្យ និងវិក្រឹតការខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើននាក់នាព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០នេះធ្វើការបោសសម្អាតស្លឹកឈើងាប់ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាដោយជាយថាហេតុណាមួយផងហើយជាសំខាន់ដើម្បីបញ្ជាក់ពីសកម្មភាពចូលរួមរបស់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជាដូចដែលពាក្យស្លោកបានលើកឡើងថា“យុវជនកំពុងនាំគ្នាធ្វើកម្មភាព”ផងដែរ។ ក្នុងការបញ្ជាក់របស់លោក លោក ស៊ុ សំអន នាយកប្រតិបត្តិសាខា បានលើកឡើង អំពីជីវប្រវត្តិ នៃការបង្កើតឲ្យមានឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជានេះឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ព្រឹទ្ធាចារ្យឯកឧត្តម ម៉ី សាមឺឌី អតីតអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោកព្រឹទ្ធាចារ្យ ទួន ទេស មន្ត្រីសាខាកាកបាទក្រហមខេត្ត ដើមី្បទុកជាប្រវត្តិសាស្ត្រ និងជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ ។ ចាប់ពីឆ្នាំ២០១១មក នៅរៀងរាល់ថ្ងៃ ១៨ កុម្ភៈ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមខេត្តតែងតែបានប្រារព្វធ្វើទិវាពលកម្មសម្អាតបរិស្ថាមនៅឧទ្យាននេះដែលគិតមកដល់ពេលនេះមានអាយុកាល២០ឆ្នាំហើយ។សូមបញ្ជាក់ថាឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ដែលបានដាំដុះឈើមានតម្លៃនេះឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ក្រោមអធបតីភាពដ៏ខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាដែលបានដាំលើផ្ទៃដីទំហំជាង៤ហិកតាមានដើមឈើសរុបចំនួន២.៤៦០ដើម។មានប្រសាសន៍ក្នុងឱកាសធ្វើទិវាពលកម្មសម្អាតបរិស្ថាននោះ លោកជំទាំវ ទាង អេង ទៀ សីហា បានគូសបញ្ជាក់ថា នេះជាស្មារតីដ៏ប្រសើមួយសម្រាប់យើងគ្រប់រូប ក្នុងការចូលរួមថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិ ដែលបានផ្តល់នូវធម្មជាតិបរិសុទ្ធ ក្នុងការរស់នៅប្រចាំថ្ងៃ របស់មនុស្សលោក ។ សកម្មភាពទាំងនេះ ក៏បានបង្ហាញដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ បានកាន់តែយល់ច្បាស់ពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ និងការការបាត់បង់ធនធានធម្មជាតិ តើត្រូវរងផលប៉ះពាល់អ្វី ដល់ភពផែនដី ។ ក្នុងនោះដែរលោកជំទាវក៏បានលើកផងដែរ អំពីការបាត់បង់ព្រៃឈើដែលជាធនធានធម្មជាតិដ៏សំខាន់ បានធ្វើឲ្យភពផែនដីយើង មានការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ ដោយតំបន់មួយចំនួនបានទទួលរងគ្រោះធម្មជាតិ ដោយទឹកជំនន់ គ្រោះភាពរីងស្ងួតជាដើម ។ ម៉្យាងទៀត ការធ្វើពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានាថ្ងៃនេះក៏ជាស្មារតីចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិក្នុងការចូលរួមចំណែកថែរក្សាបរិស្ថានគម្របបៃតងនៃឧទ្យានអង្គរ ដើមី្បបម្រើដល់វិស័យទេសចរណ៍ និង ការពារភិរក្សប្រាង្គប្រាសាទកុំឲ្យមានការរីករឹលទៀតផង ៕ អត្ថបទ និងរូបភាព: លោកទ្រា ពន្លឺ កែសម្រួលដោយលីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ ។

ប្រភពពី ៖ មន្ទីរព័ត៌មានខេត្តសៀមរាប