ដើម្បីអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងនានា ជាពិសេសជំងឺឆ្លងកូវីត១៩
ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពីប្រកាស លោកអនុបណ្ឌិត ស្លេះ យូ ចូលកាន់មុខតំណែងជាប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថ្មី ជំនួសលោកគ្រូពេទ្យ អាង នាង អតីតប្រធានមន្ទីរ ដែលត្រូវចូលនិវត្តន៍ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទូទាំងខេត្តប៉ៃលិន ត្រូវសហការជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាចូលរួមលើកកម្ពស់អនាម័យ ដើម្បីអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងនានា ជាពិសេសជំងឺឆ្លងកូវីត១៩។
ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យជាមួយអ្នកជំងឺ ទើបមានការគាំទ្រ និងកោតសរសើពីប្រជាពលរដ្ឋមកវិញ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍កោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍លើកឡើងថា៖ ខេត្តប៉ៃលិន មាន មន្ទីរពេទ្យបង្អែក និងមានមណ្ឌលសុខភាពសុទ្ធតែល្អៗ ហើយរបៀបរបបធ្វើការងារ, ការស្លៀកពាក់ របស់ក្រុមគ្រូពេទ្យក៍មានការល្អប្រសើផងដែរ ជាពិសេសគឺមានទឹកចិត្តជួយដល់ប្រជាពលរដ្ឋអ្នកជំងឺដោយអស់ ពីសមត្ថភាព អស់ពីចិត្ត ពីថ្លើម ដែលនេះជាគុណសម្បត្តិ ដ៏ធំរបស់ក្រុមគ្រូពេទ្យយើង។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖ មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ គឺ សុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញឱ្យបានល្អត្រឹមត្រូវទៅតាមគោលនយោបាយ និងការណែនាំ របស់រដ្ឋាភិបាល ហើយចំពោះអំពើខុសឆ្គងរបស់មន្រ្តី ដែលបានធ្វើអោយខូចខាត និងប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល គឺយើងត្រូវតែធ្វើការកែលំអរឱ្យបានឆាប់រហ័ស។
បើតាមរបាយការណ៍របស់ លោកអនុបណ្ឌិត ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថ្មី បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣។