អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រជុំពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើការងារត្រៀមឆ្លើយតបគ្រោះទឹកជំនន់

ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយ ឯកឧត្ដម សេង សំបាន ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុងស្រុក សាខាកាកបាទក្រហមខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

កិច្ចប្រជុំបានពិភាក្សាផ្ដោតសំខាន់លើការត្រៀមបម្រុងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការឆ្លើយតបគ្រោះទឹកជំនន់ និងតម្រូវការជាអាទិភាពសម្រាប់ឲ្យការត្រៀមបម្រុងកាន់តែប្រសើរថែមទៀត ក្នុងការឆ្លើយតបក្នុងករណីមានទឹកជំនន់កើតឡើង។

បន្ទាប់មក ឯកឧត្ដម និងក្រុមការងារ បានអញ្ជើញចុះពិនិត្យទីទួលសុវត្ថិភាពនៅវត្តឧទុម្ពរ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។