ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនស.ស.យ.កខេត្ត យុវជន អ.ម.តខេត្ត និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាងចំនួន ២,០០០ដើម ស្ថិតនៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ ការចូលរួមដាំកូនកោងកាងក្នុងទំនប់ប៉ុលឌែឡើងវិញនាពេលនេះ ដោយកន្លងមកសង្កេតឃើញមានជនមួយចំនួនបានកាប់បំផ្លាញព្រៃកោងកាង យើងត្រូវធ្វើការដាំដុះឡើងវិញ និងជាការព្រមានដល់ជនល្មើសកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាងមានសារប្រយោជន៍សំខាន់ណាស់ រួមចំណែកផ្តល់ជាជម្រកសម្រាប់មនុស្ស និងសត្វរស់នៅ រួមចំណែកការច្រោះបាក់ដី ការពារទឹកជំនន់ ខ្យល់ព្យុះ ផ្តល់ទីតាំងសម្រាប់ទេសចរណ៍ បង្កើនចំណូលសេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រជា ពលរដ្ឋប្រើប្រាស់សក្តានុពលធម្មជាតិដ៏សម្បុរបែបយកទៅធ្វើការចិញ្ចឹម ជីវិត ព្រៃកោងកាងបានចូលរួមការពារបរិស្ថានមានភាពល្អប្រសើរ ។ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថាសូមបញ្ឈប់ការកាប់បំផ្លាញព្រៃ កោងកាង ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា តាមច្បាប់ជលផលបានចែងយ៉ាងច្បាស់ថាអ្នកកាប់ និងអ្នកបញ្ជាឱ្យកាប់ គឺជាអ្នកដែលបានប្រព្រឹទ្ធបទល្មើសដូចគ្នា ការកាប់ ការឈូសឆាយ ការរុករាន ការគ្រប់គ្រង ហ៊ុព័ទ្ធរបងយកដីព្រៃកោងកាងជាបទល្មើស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ ទៅ ៥ឆ្នាំ និងផាកពិន័យជាប្រាក់ថែមទៀតផង ។
ឯកឧត្តមក៏បានធ្វើការអំពាវនាវសូមកុំបន្តកាប់បំផ្លាញព្រៃកោងកាងបន្តទៀត អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញត្រូវអនុវត្តវិធានការច្បាប់ម៉ឺងមាត់បំផុត មិនលើកលែង មិនយោគយល់ ឱ្យពួកគេបន្តការកាប់បំផ្លាញព្រៃកោងកាងបែបនេះបន្តទៀតនោះទេ ព្រោះថា ព្រៃកោង កាងជាសម្បត្តិធម្មជាតិរបស់ជាតិយើងទាំង មូល មិនគួររងការបំផ្លាញពីក្រុមជនមួយក្តាប់តូចណាមួយ ឬក្រុមណាមួយកាប់បំផ្លាញក្នុងគោលដៅផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ម្យ៉ាងទៀតជាការបំផ្លាញផលប្រយោជន៍របស់ជាតិទាំងមូល មិនគិតពីផលប្រយោជន៍រួមនៃព្រៃកោងកាងដែលបានផ្តល់ផលប្រយោជន៍ដល់មនុស្ស និងសត្វសម្រាប់ការរស់នៅ ដូច្នេះយើងមិនអាចបន្តឱ្យមានអំពើកាប់បំផ្លាញរុករានព្រៃកោងកាងរបស់យើងបន្តទៀតនោះទេ
ឯកឧត្តម គួច ចំរើន បន្តថា ថ្ងៃនេះយើងចូលរួមដាំកូនកោងកាង តែយើងក៌ចង់ប្រាប់បងប្អូនប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីសារ: សំខាន់នៃព្រៃកោងកាង មន្ត្រីរបស់យើងត្រូវអនុវត្តតួនាទី ភារកិច្ចការពារព្រៃធម្មជាតិរបស់យើងទុកជាប្រយោជន៍ ជាសម្បត្តិធម្មជាតិរបស់ជាតិយើងទាំងអស់គ្នា ដូច្នេះចាប់ពីពេលនេះតទៅ សូមបងប្អូនកុំបន្តកាប់ រុករានបន្តទៀត មន្ត្រីរបស់យើងមិនលើកលែងទេការបំផ្លាញព្រៃកោងកាង គឺស្មើនឹងបំផ្លាញអាយុជីវិតខ្លួនឯងយ៉ាងដូច្នោះដែរ ។ ហើយថ្ងៃនេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំព្រៃកោងកាងឡើងវិញ ដើម្បីការពារ ថែរក្សានូវព្រៃកោងកាងឡើងវិញ ព្រៃនេះសម្រាប់ជួយដល់ការរស់នៅ ភាពសុខសាន្តនៅក្នុងសហគមនរបស់យើង ជនណាកាប់បំផ្លាញនឹងត្រូវផន្ទាទោសតាមផ្លូវច្បាប់ ៕