អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជំរុញអោយមន្ទីរអង្គភាព អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ចាត់វិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ

កំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ច័ន្ទឌឿ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានជម្រុញបែបនេះនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ អង្គភាព និងក្រុង ស្រុក។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញបន្តថាៈ គ្រប់អង្គភាពត្រូវបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់ចាត់វិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ ជាពិសេស ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ហើយត្រូវជំរុញផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីវិធានការណ៍ការពារជំងឺនេះស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវត្រៀមលក្ខណៈឆ្លើយតប អន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ កុំអោយកើតមានឡើងក្នុងមូលដ្ឋាននិងជំនាញទទួលខុសត្រូវរបស់ខ្លួន ជាពិសេស ត្រៀមរៀបចំសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ឯកឧត្ដមក៏បានក្រើនរំលឹកដល់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ផ្ដល់ការគាំទ្រដល់គម្រោងកែលម្អផ្លូវជាតិលេខ៥ ដែលកំពុងដំណើរការអនុវត្ត ដោយត្រូវសហការការពារសុវត្ថិភាព សម្រួលចរាចរកកស្ទះ និងថែរក្សាការពារសម្ភារៈបរិក្ខារដែលបម្រើដល់ដំណើរការអនុវត្តគម្រោង។

លើសពីនេះ ឯកឧត្ដមក៏បានជំរុញដល់មន្ទីរជំនាញ ឲ្យយកចិត្តទុកដាក់រៀបចំកីឡាករ កីឡាការនី ពង្រឹងការហ្វឹកហាត់ ដើម្បីចូលរួមការប្រកួតកីឡាជាតិឆ្នាំ២០២០ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។