បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

…………………..

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិជ្រាបអំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងចំណាត់ការសន្តិវិធីរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖

ទី១. ក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីអនុព័ន្ធយោធាចំនួន២២រូប តំណាងមកពី១៨ប្រទេស។ ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិបានបង្ហាញអំពីសារបាននៃការវិវត្តន៍ស្ថានការណ៍មុនពេលប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែន រហូតឈានទៅដល់បទឈប់បាញ់កាលពីខែធ្នូ ឆ្នាំ២០២៥ និងការវិវត្តន៍នៃសន្តិសុខនៅតាមតំបន់ព្រំដែននាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

ចំណែកឯតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានធ្វើបទបង្ហាញអំពីសមិទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ និងចន្លោះបង្គោលព្រំដែនលេខ៤២ ដល់លេខ៤៧ នៅអំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ មុនការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនលើកទី២។ កិច្ចខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា ក្នុងការជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) និងស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដែលជាយន្តការទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ សំដៅស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។

បន្ថែមពីលើនេះ ប្រវត្តិនិងតួនាទី និងការរួមចំណែករបស់ក្រុមអ្នកសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា(CLG) ក៏ត្រូវបានបង្ហាញ ក្រោមស្មារតីពង្រឹងការសម្របសម្រួលជាមួយយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងយន្តការដែលពាក់ព័ន្ធ។

ជារួមបទបង្ហាញនេះបានផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការផ្តល់ព័ត៌មានដោយផ្ទាល់ និងការផ្លាស់ប្តូរយោបល់ ជាមួយក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ជាពិសេសពាក់ព័ន្ធនឹងយន្តការនៃការវាស់វែងព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់តម្លាភាព ការយោគយល់គ្នា និងការយល់ដឹងប្រកបដោយភាពច្បាស់លាស់ ត្រឹមត្រូវអំពីបច្ចុប្បន្នភាព និងការវិវត្តន៍នៃស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្រសួងការពារជាតិបានបញ្ជាក់ជាថ្មីជូនអនុព័ន្ធយោធាបរទេសពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតរបស់កម្ពុជា ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ទី២. អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែតវ៉ាជំទាស់យ៉ាងដាច់អហង្ការ និងជាផ្លូវការនូវគ្រប់ការរំលោភបំពានទាំងអស់មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះមានសារៈសំខាន់ដើម្បីបញ្ជាក់ពីកិច្ចការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា និងប្រឆាំងជំទាស់ជាដាច់ខាតនូវការរំលោភឈ្លានពាន។ ឯកសារតវ៉ាជាផ្លូវការនេះក៏មានតម្លៃគតិយុត្តមិនអាចខ្វះបានដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងជួយរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមានរហូតទាល់តែមានដំណោះស្រាយជាស្ថាពរ។

ទី៣. ទន្ទឹមនឹងការតវ៉ា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏តែងតែសម្របសម្រួលឱ្យអង្គទូត និងតំណាងអង្គការអន្តរជាតិ ទៅទស្សនកិច្ចដោយផ្ទាល់នៅទីតាំងដែលកងកម្លាំងថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ថែមទៀត។ ចំណែកក្រុមការងារសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាក៏តែងតែសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពពិតនៅតាមព្រំដែនកម្ពុជា-ថៃ ជាញឹកញាប់ដែរ។ ពួកគេតែងតែជាសាក្សីផ្ទាល់ភ្នែកដ៏សំខាន់ចំពោះអ្វីដែលបានកើតឡើង។

ទាំងនេះសបញ្ជាក់យ៉ាងច្បាស់ពីការងារការទូតយ៉ាងសកម្ម រស់រវើក និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕