បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦

………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល  សូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍ សំខាន់ៗ ដែលមានដូចតទៅ៖

ទី១. គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បានបើកកិច្ចប្រជុំលើកដំបូង រវាងកម្ពុជានិងថៃ ពីថ្ងៃទី១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងប្រទេសសិង្ហបុរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជានិងថៃបានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សាដែលបានអនុវត្តវិធីសាស្ត្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ។ គណៈកម្មការ ផ្សះផ្សានឹងបន្តទទួលបានទំនុកចិត្ត និងការគាំទ្រពេញទំហឹងពីកម្ពុជា ហើយគណៈកម្មការផ្សះផ្សាក៏នឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀតជាមួយកម្ពុជានិងថៃក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺការសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់ ដោយកម្ពុជា មានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។

ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រ និងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS»។

ទី២. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាថ្មីនៅថ្ងៃទី១៦ ខែកញ្ញាថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាដូចការចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយចំនួននោះទេ ប៉ុន្តែ ជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនា របស់ប្រជាពលរដ្ឋ ដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិ និងការទូតជាជំនួសវិញ។

សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា មានការបាត់បង់ការគ្រប់គ្រងទីតាំងមួយចំនួនក្រោយការប្រយុទ្ធគ្នាក៏ពិតមែន ប៉ុន្តែ មិនមែនមានន័យថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលា ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ។ ចំណែកឯវីរកងទ័ពជួរមុខរបស់យើងក៏នៅតែបន្តឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន និងតស៊ូយ៉ាងស្វិតស្វាញបំផុត ដោយហ៊ានប្តូរជីវិត ដើម្បីការពារបូរណភាពទឹកដី។

ទី៣. រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបដិសេធចោលសាជាថ្មីនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់មន្ត្រីអាជ្ញាធថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា។ កម្ពុជាចាត់ទុកការលើកឡើងទាំងនេះ គឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីការបំផ្លិចបំផ្លាញ

ប្រាសាទ និងបង្កើតព័ត៌មានក្លែងក្លាយដើម្បីបង្កការយល់ច្រឡំដល់សាធារណជនទូទៅ។ ជាក់ស្តែង សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា បានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងការខូចខាតប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌមួយចំនួនដែលស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជាដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ជាដើម

ទី៤. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋភៀសសឹកក្នុងភូមិរង់ចាំ។ ពួកគេបានស្តាប់បទបង្ហាញអំពីសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ដែលធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលចូលលំនៅដ្ឋានពួកគេវិញបាននៅឡើយ ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ ស្ថានភាពនេះសបញ្ជាក់ពីភាពចាំបាច់ក្នុងការវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុតដូចដែលបានព្រមព្រៀងគ្នា។

ទី៥. រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីទៀត ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ កម្ពុជាចាត់ទុកសកម្មភាពនេះថា ជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ កម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូងវការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើកម្លាំងដែលផ្ទុយពីច្បាប់អន្តរជាតិ៕