អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

យុទ្ធសាស្រ្ត និង គោលនយោបាយ

ថ្ងៃទី ២៤ ខែ សីហា ២០២៣ គឺជាថ្ងៃប្រវត្តិសាស្រ្តដែលនាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គលើកដំបូង និងបានប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងបានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ២០២៣ តទៅនូវគោលនយោបាយអាទិភាព ៦ ចំណុចដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ ។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១៖

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។

បាវចនាទាំង៥ រួមមាន “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិត ភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

 

មុំទី១. ការអភិវឌ្ឍ មូលធនមនុស្ស

ទី១៖ ពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់។

ទី២៖ បណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនការចុះឈ្មោះចូលរៀន ការរៀបចំជំនាញឡើងវិញ និងការបង្កើនជំនាញ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញការដោះស្រាយបញ្ហានៃភាពមិនស៊ីសង្វាក់គ្នារវាងការបណ្តុះបណ្តាល និងតម្រូវការ។

ទី៣៖ លើកកម្ពស់ សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលពីជំងឺមិនឆ្លងចម្បងៗ ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបរិវត្តកម្ម និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។

ទី៤៖ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដែលមានគោលដៅយុទ្ធសាស្តផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។

មុំទី២. ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង

ទី១៖ អភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការពង្រីក និងការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ។

ទី២៖ លើកកម្ពស់ការតភា្ជប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗសម្រាប់បង្កើនផលិតភាពលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម។

ទី៣៖ កែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការបន្តកែលម្អបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

ទី៤៖ ពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេសរួមបញ្ចូលនូវសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone)។

ទី៥៖ ធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការវិនិយោគដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការរៀបចំ និងការកែលម្អក្របខ័ណ្ឌ និងយន្តការហិរញ្ញប្បទាន និងការធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុដែលធានាបានសន្ទនីយភាព (Liquidity) ក្នុងទីផ្សារ និងជម្រើសហិរញ្ញប្បទានសម្រាប់ការវិនិយោគសំដៅរួមចំណែកជំរុញការវិនិយោគ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ។

មុំទី៣. ការអភិវឌ្ឍ វិស័យឯកជន និងការងារ

ទី១៖ អភិវឌ្ឍទីផ្សារការងារដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញការអភិវឌ្ឍទីផ្សារការងារតាមរយៈការបង្កើត ការរក្សា និងការបង្កើនការងារដល់កម្មករ និយោជិតទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

ទី២៖ លើកស្ទួយសហគ្រាសធុនមីក្រូតូច និងមធ្យម ធុរកិច្ចថ្មី សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តជំរុញការអភិវឌ្ឍបរិយាកាសអំណោយផលដល់សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មីឱ្យរីកលូតលាស់ ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ព្រមទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លងអន្តរកាលចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ទី៣៖ ពង្រឹងភាពជាដៃគូវិស័យសាធារណៈ និងវិស័យឯកជនដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនដែលជាយន្តការមិនអាចខ្វះបាន និងមានប្រសិទ្ធភាព។

ទី៤៖ ពង្រឹងការប្រកួតប្រជែងដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តជំរុញការប្រកួតប្រជែងស្មើភាពតាមរយៈការបន្តបង្កើតបរិយាកាសធ្វើធុរកិច្ចដោយស្មើភាព គ្មានការរើសអើងតាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

ទី៥៖ ពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារឱ្យកាន់តែមានស័ក្តិសិទ្ធភាព ភាពធន់នឹងវិបត្តិ បរិយាប័ន្ន ពិពិធភាព និងភាពទំនើប។

មុំទី៤. ការអភិវឌ្ឍប្រកបដោយ ភាពធន់, ចីរភាព និងបរិយាប័ន្ន

ទី១៖ ធ្វើបរមភាវូបនីយកម្ម (Optimization) ផលលាភប្រជាសាស្ត្រ ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីផលលាភប្រជាសាស្ត្រ និងការពង្រឹងភាពធន់ប្រជាសាស្ត្រដោយបន្តជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការងារដឹកនាំ។

ទី២៖ គ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាពដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការអភិរក្សដើម្បីការអភិវឌ្ឍ។

ទី៣៖ លើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើបសម្បូរបែប និងមានភាពធន់។

ទី៤៖ ពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្មដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការពង្រីកទីក្រុង និងការអភិវឌ្ឍទីក្រុងថ្មីៗបន្ថែមនៅតាមបណ្តារាជធានី-ខេត្ត ការបង្កើតសួនសាធារណៈ និងឧទ្យានបៃតង និងការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្មដើម្បីធានាសុវត្ថិភាព សោភ័ណភាព បរិស្ថានល្អ និងសុខុមាលភាពសម្រាប់ការរស់នៅ និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ទី៥៖ ធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតងដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុល និងផលប៉ះពាល់បរិស្ថាន ការពង្រឹងការគ្រប់គ្រងទឹក និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសកលដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

មុំទី៥. ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល

ទី១៖ កសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថលដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថលដោយរាជរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលតាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ។

ទី២៖ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថលដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេដ្ឋកិច្ច។

ទី៣៖ កសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាង និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួមមានការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងក្លោដ ឬ មជ្ឈមណ្ឌលទិន្នន័យសំដៅពង្រឹងគុណភាព និងប្រសិទ្ធភាព នៃបណ្តាញតភ្ជាប់ឌីជីថល ការចែករំលែកព័ត៌មាន និងការផ្តល់សេវាទូរគមនាគមន៍។

ទី៤៖ កសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថលដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។

ទី៥៖ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដោយចាប់យកកាលានុវត្តភាព និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុតាមរយៈការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ។

គោលនយោបាយអាទិភាព ៦ ចំណុច

ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។

ទី៣៖ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិ ឬហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គម និងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។

ទី៥៖ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។

ទី៦៖ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។

ទាញយកអត្ថបទទាំងស្រុង សូមចុចទៅកាន់តំណរដែលបានភ្ជាប់មកជាមួយដូចខាងក្រោម៖ https://www.ocm.gov.kh/pentagonal-strategy/