អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ចុះអន្តរាគមន៍ជួយកសិករ ដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃបំផ្លាញផលដំណាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គប្រជុំគណៈរដ្ឋមន្ត្រី អំពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ដល់ផលដំណាំប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន។ រាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងព្យាយាមការពារការរីករាលដាលទៅកាន់ទីកន្លែងដទៃ។

សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយ ដូចជា គ្រាប់ពូជ ឬ ធនធានចាំបាច់ដទៃទៀត ដល់ប្រជាកសិកររងគ្រោះ ដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញបាន និងសូមឱ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមទីតាំងដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃនេះ ពង្រឹងការចុះមូលដ្ឋានដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង ព្រមទាំងរាយការណ៍ និងលើកជាអនុសាសន៍ជាក់លាក់ជូនរាជរដ្ឋាភិបាលតាមការចាំបាច់៕