អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យក្រសួងការបរទេស សម្រាប់រសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនថា យោធិនកម្ពុជាទាំង១៨រូបដែលត្រូវបានភាគីថៃដោះលែងមកវិញកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទទួលបានការសព្វព្រះរាជហឬទ័យនិងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំកំពូល និងប្រជាពលរដ្ឋទូទៅ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឱ្យវីរកងទ័ពទាំង១៨រូប ចូលក្រាបថ្វាយបង្គំគាល់និងទទួលព្រះរាជអំណោយនៅក្នុងព្រះបរមរាជវាំង។ នៅព្រឹកមិញនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានទទួលជួបសំណេះសំណាលជាមួយយោធិនទាំង១៨នាក់និងក្រុមគ្រួសាររបស់ពួកគេនៅឯវិមាន៧មករា។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំងពេលបានឃើញយោធិនទាំង១៨ នាក់បានវិលត្រឡប់មកដល់ប្រទេសវិញ ជាពិសេសពេលសម្តេចបានឃើញកម្លាំងសាមគ្គីដ៏ធំបំផុតរបស់ប្រជាពលរដ្ឋដែលបានស្វាគមន៍យោធិនទាំង១៨នាក់ ក៏ដូចជាស្មារតីសាមគ្គីដ៏ធំធេងរបស់ប្រជាពលរដ្ឋខ្មែរជាមួយវីរកងទ័ពនៅជួរមុខ។

កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ គ្រាន់តែពួកគេបានមកដល់រាជធានីភ្នំពេញភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត ក៏បានទទួលស្វាគមន៍យោធិនទាំងអស់និងក្រុមគ្រួសាររបស់ពួកគេយ៉ាងរាក់ទាក់កក់ក្តៅបំផុតនៅឯវិមានសន្តិភាព។

សម្រាប់យោធិនទាំង១៨រូប ដែលត្រូវបានទាហានថៃចាប់ឃុំខ្លួនអស់រយៈពេល១៥៥ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះជាយូរបន្តិចមែន ប៉ុន្តែ យើងមិនដែលភ្លេចបងប្អូនទេ។ សម្តេចក៏បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចសំខាន់៣ចំពោះយោធិនទាំងនោះគឺ៖ ការធានាអាយុជីវិត ធានាសុខសុវត្ថិភាព និងការស្វែងរកសេរីភាពជូនបងប្អូន។ ទីបំផុត កាតព្វកិច្ចទាំងបីក៏បានសម្រេចដូចការគ្រោងទុកបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងតាមគ្រប់លទ្ធភាពរបស់រាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិមេត្តាជ្រាបថា ដំណើរជាតិកម្ពុជា ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេលជាង ៥០០ឆ្នាំចុងក្រោយ បានហែលឆ្លងកាត់ការបែកបាក់និងសង្គ្រាមវិនាសកម្មឆ្អែតឆ្អន់ហើយ ជាពិសេសរបបប្រល័យពូជសាសន៍ដ៏គួរឱ្យតក់ស្លុតរន្ធត់បំផុតដែលយើងមិនធ្លាប់ជួបប្រទះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំរៀមច្បងរបស់យើង ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាផ្សេងទៀត នៅតែអាចដឹកនាំកម្លាំងស្នេហាជាតិទាញប្រទេសឱ្យផុតពីជ្រោះមរណៈបាន ហើយស្តាប្រទេសនេះឱ្យរីកស្រស់បំព្រងដូចសព្វថ្ងៃ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននិងកំពុងបន្តដឹកនាំលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសន្តិភាពនិងស្ថិរភាពនយោបាយដែលជាឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ដូច្នេះ អ្វីដែលកំពុងកើតឡើងនាពេលនេះ មិនមែនជារឿងដែលធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាវិញ្ញាសាមួយដែលជំរុញឱ្យខ្មែរយើងរួបរួមគ្នាកាន់តែខ្លាំងដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី និងរួមគ្នាជំរុញទៅរកដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ដែលជាគោលជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនឡើងវិញចំពោះជនរួមជាតិ ក៏ដូចជាសហគមន៍អន្តរជាតិថា ការដោះលែងយោធិនកម្ពុជា១៨រូប គឺជាជំហានដ៏សំខាន់មួយទៀត បន្ទាប់ពីបទឈប់បាញ់ដែលកម្ពុជាបាននិងកំពុងបន្តអនុវត្តបានយ៉ាងល្អ។ នេះគឺជាសញ្ញាវិជ្ជមានក្នុងការស្តាទំនុកចិត្តគ្នា និងការឈានទៅការស្តាសន្តិភាពនិងធ្វើឱ្យសន្តិភាពស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរស្របតាមស្មារតីដែលបានព្រមព្រៀងគ្នា និងក៏ជាអ្វីដែលសហគមន៍អន្តរជាតិកំពុងជំរុញ។ ជំហានបន្ទាប់ទៀតដែលភាគីទាំងពីរ(កម្ពុជានិងថៃ)ត្រូវធ្វើគឺ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងដែលមានកន្លងមកគឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

សូមជំរាបជូនជនរួមជាតិជ្រាបផងដែរថា កម្លាំងចលករដ៏សំខាន់ក្នុងការឈានទៅសម្រេចការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នាពេលខាងមុខគឺ

ទី១៖ ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងដែលឈរលើកិច្ចសន្ទានាដោយសន្តិវិធីនិងដោយផ្អែកលើច្បាប់។ 

ទី២៖ យើងមានឯកសារផ្លូវច្បាប់រឹងមាំដែលទទួលស្គាល់ជាអន្តរជាតិដូចបានលើកឡើងខាងដើម។ 

ទី៣៖ គឺជំហររបស់សហគមន៍អន្តរជាតិដែលគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ស្របជាមួយជំហររបស់រាជរដ្ឋាភិបាលកម្ពុជា និង

ទី៤៖ កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើងដែលផ្តល់ទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។

ទាំងអស់នេះ គឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធី។ ដូច្នេះ យើងត្រូវថែរក្សាចំណុចខ្លាំងនេះឱ្យបានរឹងមាំជារៀងរហូតដោយមិនត្រូវអនុញ្ញាតឱ្យអ្នកណា ឬក្រុមណាមកបំផ្លាញកម្លាំងស្នូលរបស់ជាតិយើងបានឡើយ៕