អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីកម្ពុជាបន្តជំរុញឱ្យភាគីថៃគោរពនិងអនុវត្តចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនបង្អែរបង្អង់៖

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានដាក់សំណើរជាថ្មីទៀតទៅកាន់គណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ ដូចខាងក្រោម៖

១- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងបង្គោលព្រំដែនលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។

២- ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីពីរ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមបញ្ជាក់ជូនថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែង និងការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) ដែលជាយន្តការបច្ចេកទេសស្ថិតក្រោមគណៈកម្មការ JBC គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នាពេលកន្លងមក។

៣- គណៈកម្មការ JBC ភាគីកម្ពុជាបានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ព្រមទាំងសកម្មភាពទាំងឡាយដែលនាំឱ្យមានការផ្លាស់ប្តូរបរិស្ថានតំបន់ព្រំដែនដែលផ្ទុយទាំងស្រុងទៅនឹងមាត្រា៥ នៃ MOU ឆ្នាំ២០០០ និង កថាខណ្ឌទី២ ទី៣ និងទី៤ នៃសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសគឺរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC។

៤- គណៈកម្មការ JBC ភាគីកម្ពុជាក៏បានស្រាយបំភ្លឺជូនគណៈកម្មការ JBC ភាគីថៃ ដែលបានលើកឡើងដោយមិនត្រឹមត្រូវថា ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនពុំអាចអនុវត្តបានទេដរាបណាមិនទាន់បានដោះមីនឱ្យអស់នៅតាមបណ្តោយព្រំដែនតាមរយៈយន្តការក្រុមការងារសម្របសម្រួលចម្រុះ(JCTF) ដែលស្ថិតក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ក្នុងន័យនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ទៅភាគីថៃថា ការងារដោះមីនដែលបម្រើឱ្យគោលដៅវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែននាពេលកន្លងមក គឺត្រូវបានអនុវត្តដោយក្រុមការងារចម្រុះដោះមីនដែលស្ថិតក្រោមយន្តការគណៈកម្មការ JBC ដូចមានចែងក្នុងមាត្រា៣ នៃ MOU ឆ្នាំ២០០០ និងប្រការ២.៤ នៃ TOR ឆ្នាំ២០០៣។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញថា សេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ចែងថា ភាគីទាំងពីរបានឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន(…)។ គឺយោងស្មារតីនេះហើយទើបបានជាភាគីកម្ពុជាបានស្នើជាបន្តបន្ទាប់ចំនួន៤លើកហើយទៅកាន់ភាគីថៃចាប់តាំងពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានចូលជាធរមានដើម្បីអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតដូចអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។ 

នេះក៏សបញ្ចាក់ឱ្យឃើញពីភាពសកម្មនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីក៏ដូចជាការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងស្របតាមស្មារតីនៃអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ទោះបីជាភាគីថៃលើកមូលហេតុអំពីបញ្ហាផ្ទៃក្នុងរបស់ខ្លួនពាក់ព័ន្ធការបោះឆ្នោតក៏ដោយ ក៏ភាគីកម្ពុជានៅតែរម្លឹកនិងទាមទារឱ្យភាគីថៃអនុវត្តជានិច្ចតាមរយៈការបញ្ជូនក្រុមការងារវាស់វែងចុះធ្វើការនៅលើដីជាក់ស្តែងដោយមិនបង្អែរបង្អង់ឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងជាដាច់ខាត៕