ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦
…………………………
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីគោលជំហរម៉ឺងម៉ាត់ ដោយផ្សារភ្ជាប់នឹងសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៖
ក្នុងដំណើរអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋភៀសសឹកថា ការទាមទារបូរណភាពទឹកដីរបស់យើងនៅតែបន្តធ្វើនៅគ្រប់កន្លែងទាំងអស់ ពោលគឺរាជរដ្ឋាភិបាលមិនបានបោះបង់ចោលសិទ្ធិការពារទឹកដីនោះឡើយ ហើយការចុះហត្ថលេខាលើបទឈប់បាញ់ក៏មិនមែនជាថ្នូរនឹងការកាត់ទឹកដីឱ្យគេនោះឡើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ការងារវាស់វែង គ្រប់គ្រង និងដោះស្រាយបញ្ហាព្រំដែននៅតែធ្វើឡើង ដោយគោរពតាមច្បាប់អន្តរជាតិដដែល ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ ដែលត្រូវដោះស្រាយតាមយន្តការការទូតនិងបច្ចេកទេសព្រំដែន។ ទោះបីជាដំណោះស្រាយតាមផ្លូវច្បាប់វាយឺតបន្តិចមែន តែវាជាដំណោះស្រាយដែលធានានូវសេចក្តីសុខយូរអង្វែងសម្រាប់ទាំងអស់គ្នា។ ខណៈដែលដៃម្ខាងទាមទារដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាយ៉ាងស្វិតស្វាញ ដៃម្ខាងទៀតត្រូវដោះស្រាយជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋភៀសសឹកយ៉ាងសកម្ម ពោលគឺ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំមិនបោះបង់ចោលប្រជាពលរដ្ឋនោះឡើយ។ នេះគឺជាប្រសាសន៍គូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅចំពោះមុខប្រជាពលរដ្ឋភៀសសឹក។
ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាច បានគូសបញ្ជាក់ក្នុងសារកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។
ប្រសាសន៍របស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា បានបង្ហាញពីការការពារអធិបតយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ មិនអាចធ្វើសម្បទានបាន និងជ្រើសរើសយកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់តាមស្មារតីនៃអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ខណៈដែលកម្ពុជានិងថៃ មានខ្សែព្រំដែនអន្តរជាតិដែលការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ។ ក្រឡេកទៅមើលសកម្មភាពជាក់ស្តែងលើវិស័យការទូតវិញ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើការងារយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងការការពារបូរណភាពទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ប្រឆាំងដាច់ខាតទៅនឹងការប្រើប្រាស់កម្លាំង ដើម្បីចូលកាន់កាប់ទឹកដីដែលជាសកម្មភាពផ្ទុយទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ។
ជាក់ស្តែង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញកំណត់ទូតតវ៉ា និងសេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ពីការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះភាគីថៃ។ នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ប្រាប់អង្គប្រជុំថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅឡើយ ជាពិសេសទាក់ទងទៅនឹងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី។ សកម្មភាពបែបនេះងាយនឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីវិលទៅរកប្រក្រតីភាព និងស្តារសន្តិភាពឡើងវិញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យសហការីអាស៊ានបន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោលការណ៍ជាមូលដ្ឋាននៃការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយដើម្បីឱ្យសន្តិភាព និងស្ថិរភាពអាចកើតមានមិនត្រឹមតែរវាងកម្ពុជានិងថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់របស់យើងទាំងមូល។រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនឯណោះវិញក៏បានចេញលិខិតតវ៉ា និងកំណត់ទូតជាបន្តបន្ទាប់ ដោយស្នើឱ្យភាគីថៃបញ្ជូនក្រុមការងារវាស់វែងខណ្ឌសីមាព្រំដែនធ្វើការងារនៅលើដីផ្ទាល់ជាមួយភាគីកម្ពុជា។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជានិច្ចកាលបញ្ជាក់ប្រាប់ភាគីថៃអំពីជំហរច្បាស់លាស់ និងដាច់ខាតរបស់កម្ពុជា ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕
