បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពស្តីពីកិច្ចការងាររបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពាររបូរណភាពទឹកដី ក៏ដូចជា វិធានការអន្តរាគមន៍បន្ថែមចំពោះតម្លៃប្រេងឥន្ធនៈដែលបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ៖ 

ទី១៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀតកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍ នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្ដោយព្រំដែនចន្លោះបង្គោលព្រំដែន លេខ ៤៥ និង ៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ សកម្មភាពឯកតោភាគីរបស់ថៃនេះ គឺជាការប៉ុនប៉ងខុសច្បាប់ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្ដែង (Fait Accompli on the ground) និងការសម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ នៅតាមបណ្ដោយព្រំដែននៃផ្នែកនេះ។

លើសពីនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។ នៅថ្ងៃនោះដែរ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២(បច្ចុប្បន្ន) ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សកម្មភាពទាំងនេះ មិនអាចចាត់ទុកថា ជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថា ជាការអនុវត្តតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។ សកម្មភាពទាំងនោះ គឺផ្ទុយស្រឡះទៅនឹងវិធានការបន្ថយភាពតានតឹង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលថៃបានប្រកាសដោយឯកតោភាគីនោះឡើយ។

កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃ ក៏ដូចជាជាមួយនឹងប្រទេសជិតខាងទាំងអស់ ស្របតាមច្បាប់អន្តរជាតិ ដោយកម្ពុជានៅតែរក្សាយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។

ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តមិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មាន។

ទី២៖ ក្នុងគ្រាដ៏លំបាកដែលបណ្តាលមកពីតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញវិធានការអន្តរាគមន៍បន្ថែមមួយចំនួនទៀតសំដៅជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ដែលមានដូចតទៅ៖

រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លាក្នុង១លីត្រដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។ បន្តបញ្ចុះតម្លៃ១សេនដុល្លាបន្ថែមទៀតក្នុង១លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លាក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លាក្នុង១បារ៉ែល។ បញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។ ផ្អែកតាមសភាពការណ៍និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូតដែលត្រូវបានកាត់ចេញ។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញវិធានការអន្តរាគមន៍ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ តាមរយៈការកែសម្រួលអត្រាពន្ធគយលើទំនិញនាំចូល ដូចជារថយន្តអគ្គិសនី និងគ្រឿងឧបករណ៍ប្រើចន្តអគ្គិសនីជាច្រើនទៀត និងអត្រាអាករលើមុខទំនិញនាំចេញមួយចំនួនផងដែរ។ 

សូមអរគុណ!