បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦

……………………

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានថ្មីៗមួយចំនួនជម្រាបជូនបងប្អូនជនរួមជាតិជ្រាប៖

ទី១៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។

នៅក្នុងលិខិតនេះ សម្តេចធិបតី បានសម្តែងនូវអំណរគុណយ៉ាងស្មោះរបស់កម្ពុជាចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាចំពោះការចូលរួមប្រកបដោយស្ថាបនារបស់ប្រទេសបារាំងក្នុងកិច្ចប្រឹងប្រែងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់បារាំងដល់សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញរបស់កម្ពុជារយៈពេលរាប់ទសវត្សមកហើយ។ ការចូលរួមចំណែកនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពជាតិកម្ពុជា ហើយព្រមទាំងបានធ្វើឱ្យភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅថែមទៀត។

 

សម្តេចធិបតី បានសង្កត់ធ្ងន់ដែរថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំគាំទ្រដ៏ឈានមុខមួយ ចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សារភ្ជាប់ទំនាក់ទំនងតាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម។

ក្នុងបរិបទនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្តល់ការគាំទ្រ បច្ចេកទេសជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងការផ្តល់ឯកសារប្រវត្តិសាស្រ្ត និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។

 

សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំងនិងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះឡើយ។ សម្តេចធិបតី បានសម្តែងជំនឿយ៉ាងមុតមាំថា ការបន្តចូលរួមចំណែករបស់បារាំងនឹងជួយដល់គោលបំណងរួម ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃអាចរួមរស់ ជាមួយគ្នាក្នុងសន្តិភាព សន្តិសុខ ភាពជាអ្នកជិតខាងល្អ និងវិបុលភាព រួមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយទៀត។

រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់សូមសារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយដាច់ខាតមិនធ្វើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ហើយនឹងលើកកម្ពស់ ច្បាប់អន្តរជាតិ និងពហុភាគីនិយម ដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល។ នេះគឺជាខ្លឹមសារនៃសារលិខិតរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ 

ទី២. រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាជាផ្លូវការជាថ្មីម្តងទៀតប្រឆាំងនឹងការដាក់កុងតឺន័រចំនួនបី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែនអន្តរជាតិអានសេះ។

សកម្មភាពដែលជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានេះ អាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុង និងជុំវិញតំបន់ស៊ីវិល ពង្រឹងការគ្រប់គ្រង់ដោយយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេវិញ។

កម្ពុជាជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់នេះ ដែលជាការពង្រឹងការកាន់កាប់លើទឹកដីកម្ពុជាដោយប្រទេសថៃ។ សកម្មភាពនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងបំពានទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

កម្ពុជាសូមគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយមិត្តភាពចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងមានឆន្ទៈយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រង់ចំណុចទី៣ ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕

សូមអរគុណ!