ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីរឹតចំណងការទូតជាមួយបណ្តាប្រទេសជាមិត្ត ក្នុងបរិបទដែល «ការការពារបូរណភាពទឹកដី និងប្រជាជន» គឺជាអាទិភាពខ្ពស់បំផុត៖
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តបេសកកម្មការទូតសកម្មរបស់ខ្លួនឥតឈប់ឈរ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងស្វះស្វែង «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» នៅលើឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទនៃ «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី។
អំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជំនួបខាងលើត្រូវបានបញ្ចប់ដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាពិសេសស្ថានភាពជនភៀសសឹកដែលមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។
ក្រោយជំនួបនោះ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយបង្ហាញពីភាពស្និទ្ធស្នាលនិងបានហៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាជាមិត្តជិតស្និទ្ធ។ ក្រៅពីបង្ហាញពីសន្ទុះដ៏រឹងមាំនៅក្នុងទំនាក់ទំនងរវាងសិង្ហបុរី-កម្ពុជា និងបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខស្បៀង ថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថល ប្រមុខការទូតសិង្ហបុរី ក៏បានប្រាប់ឱ្យដឹងដែរអំពីការផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍក្នុងតំបន់ រួមទាំងស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយឯកឧត្តមសង្ឃឹមថា សមាជិកអាស៊ានទាំងពីរ (កម្ពុជានិងថៃ) អាចពង្រឹងបទឈប់បាញ់ដែលកំពុងស្ថិតនៅជាធរមាន និងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនានិងការចរចា។
វត្តមានជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់កម្ពុជានៅក្រៅប្រទេស បន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប កាលពីចុងខែកុម្ភៈ បានឆ្លុះបញ្ចាំងពីការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តក្រោមនយោបាយ «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមិនភ្លេចអាទិភាពខ្ពស់បំផុតរបស់ខ្លួនគឺ «ការការពារបូរណភាពទឹកដីនិងប្រជាជន» ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ។
កាលពីចុងខែកុម្ភៈកន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ដោយបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយបើគ្មានសន្តិភាព ចំណែកឯការអភិវឌ្ឍក៏មិនអាចប្រព្រឹត្តទៅបានដែរបើគ្មានសន្តិសុខ។ ដូចគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋ ការការពារសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសិទ្ធិមនុស្សដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ជាពិសេសវត្តមានកម្លាំងយោធាថៃកាន់កាប់ភូមិស្រុកកម្ពុជា ដែលនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងបានបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការដែលបានឯកភាពគ្នា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដើម្បីធានាដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
