ខ្លឹមសារ Press Briefing អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រចាំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបនូវព័ត៌មានសំខាន់ពីរដែលបានកើតឡើងកាលពីយប់មិញ និងនៅព្រឹកនេះ ពាក់ព័ន្ធនឹងសកម្មភាពការងារនិងសាររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖
ព័ត៌មានទី១៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។
កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសមួយចំនួនទៀត ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយគ្រោងនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត។
ព័ត៌មានទី២ ដែលខ្ញុំសូមចែករម្លែកជូនបងប្អូនជនរួមជាតិជ្រាបដែរគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញសារតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេចមួយកាលពីយប់មិញពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនជាពិសេសបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។
សាររបស់សម្តេចធិបតីមានខ្លឹមសារដូចតទៅ៖
ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ។ ដូច្នេះដើម្បីដោះស្រាយការគំរាមកំហែងនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។
ខ្ញុំសូមកោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា-សារធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រចង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា។
បាទ នេះគឺជាខ្លឹមសារនៃសាររបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលសម្តេចបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់មិញ៕
