អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ដំណើរទស្សនកិច្ចព្រំដែនលើកទី២ បានបន្តធ្វើនៅថ្ងៃសៅរ៍នេះ

សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្ត សរុបប្រមាណ ២០០ នាក់ទៀត បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២ នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះជាមួយការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជានិងវៀតណាមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជានិងប្រទេសជិតខាង។

ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី២ នេះ បានចាប់ផ្តើមចេញដំណើរពីទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្ពោះទៅកាន់តម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជននានា ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។

គោលដៅនៃដំណើរទស្សនកិច្ចតាមបណ្តោយខ្សែក្រវាត់ព្រំដែននេះមានគោលដៅឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំ។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋបានសម្តែងក្តីសប្បាយរីករាយនិងមានទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី៕