បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦
……………………….

ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញ នូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើង ដើម្បីដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យរក្សាមហាសាមគ្គីជាតិជាធ្លុងមួយ និងពង្រឹងខ្លួនឱ្យរឹងមាំដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖

ក្នុងសារអបអរសាទរខួប ៤៧ឆ្នាំ នៃទិវាជ័យជំនៈ ៧ មករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាស់ស្មារតីកូនខ្មែរដូច្នេះថា៖ «នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយមកលើជាតិ មាតុភូមិ និងប្រជាជនយើង»។

សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងជាស្ថាបនិកនៃការកសាងកម្ពុជាសម័យទំនើបបានបន្តទៀតថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះ កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ»។

ចំណែកឯសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារទៅកាន់វីរយុទ្ធជន និងជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ក៏បានអង្រួនស្មារតីកូនខ្មែរដែរថា៖ «ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនយើងនៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់» ។ ដូច្នេះ ស្របតាមពាក្យចាស់ពោលថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា៖ «បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និងរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ មាតុភូមិកម្ពុជាជាទីស្នេហាបំផុតនៃយើងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និងក្លាយជាប្រជាជាតិមួយប្រកបដោយមោទនភាពនិងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ»។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ប្រាប់ប្រជាជាតិខ្មែរទាំងមូលថា៖ «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកត់សម្គាល់ថា ទន្ទឹមនឹងប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដូចបានលើកឡើងខាងលើ យើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់គ្រប់ៗគ្នាថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទារសន្តិភាពបានលាន់លឺគ្រប់ទិសទី ពោលគឺទីណាមានជនជាតិខ្មែររស់នៅ ទីនោះមានកម្លាំងសាមគ្គីដើម្បីការពារបូរណភាពទឹកដី។ ភាពអង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ និងកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយ ក្រោមគោលនយោបាយការទូតសកម្មដោយផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាល គឺជាចំណុចខ្លាំងដ៏ពិតប្រាកដរបស់ខ្មែរក្នុងការការពារបូរណភាពទឹកដី។
អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមរម្លឹកជូនជនរួមជាតិជ្រាបដែរថា ប្រទេសជាតិយើងនិងប្រជាជនយើងបានហែលឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនបំផុត ឈឺចាប់ខ្លោចផ្សារបំផុត និងខ្ទេចខ្ទាំបំផុតរួចមកហើយកាលពីក្នុងសម័យសង្គ្រាមស៊ីវិល សម័យកាលនៃការបែកបាក់ជាតិ និងជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ថ្នាក់ដឹកនាំ រាមច្បងរបស់យើងក៏បានបិទទំព័រដ៏ខ្មៅងងឹតនេះចោល និងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រកបដោយក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា។ ដូច្នេះ ការលំបាករបស់យើងនៅពេលនេះមិនអាចវាយបំបាក់ទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ខ្មែរបានឡើយ។ ផ្ទុយទៅវិញ វាបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើងឱ្យខាងតែបានតាមមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

ក្នុងន័យនេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!