ដូចបងប្អូនជនរួមជាតិជ្រាបស្រាប់ ទន្ទឹមនឹងដៃម្ខាងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់ប្រឆាំងនឹងការរំលោភបំពានពីសំណាក់កងទ័ពថៃ ដៃម្ខាងទៀតរបស់ថ្នាក់ដឹកនាំយើង ខិតខំដោះស្រាយជួយសម្រួលការលំបាកជូនគ្រួសារវីរយុទ្ធជននៅជួរមុខ និងជនភៀសសឹកដែលទទួលរងផលប៉ះពាល់។
ជាក់ស្តែង តាមរយៈការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់ពីមានសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសម្រេចលើកលែងការប្រាក់សរុប ១០,៦ លានដុល្លារអាម៉េរិកសម្រាប់គ្រួសារជនភៀសសឹកដើម្បីជួយពួកគេឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងបានលុបចោលបំណុល(ទាំងប្រាក់ដើមនិងការប្រាក់) ចំនួនប្រមាណជា១លានដុល្លារអាម៉េរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ផង និងជួយសម្រួលដល់ការលំបាករបស់ពួកគេក្នុងពេលបាត់បង់ចំណូលផង។
ទន្ទឹមនឹងនោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ ប្រមាណ ៥០០លានដុល្លារអាម៉េរិក ដើម្បីសម្រាលសំពាធហិរញ្ញវត្ថុជូនដល់ជនភៀសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។ បន្ថែមពីលើនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានរៃអង្គាសថវិកាតាមរយៈកម្មវិធីសប្បុរសធម៌របស់សមាគមនិងគ្រឹះស្ថានសមាជិក ដោយទទួលថវិកាចំនួន ៣៤ម៉ឺនដុល្លារអាម៉េរិក ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់នានាជាច្រើនទៀតដើម្បីបរិច្ចាគជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តដែលរងផលប៉ះពាល់។
ក្រៅពីការចូលរួមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាជាមួយរាជរដ្ឋាភិបាល ដូចបានលើកឡើងខាងដើម ក៏មានបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សប្បុរសជន និងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានចូលរួមយ៉ាងសកម្មដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋភៀសសឹកក៏ដូចជាគ្រួសារវីរកងទ័ពជួរមុខក្នុងទឹកចិត្តសាមគ្គីជួយគ្នាយ៉ាងទូលំទូលាយបំផុត។
ក្រឡេកមកមើលថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិវិញ រាប់តាំងពីមន្ត្រីសង្ឃ អង្គព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចប្រធានកាកបាទក្រហមកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតដែលជាជំទាវទី១របស់កម្ពុជា បាននិមន្ត យាង និងអញ្ជើញចុះសួរសុខទុក្ខយោធិនរងរបួសដែលសម្រាកនៅមន្ទីរពេទ្យ ចូលរួមគោរពវិញ្ញាណក្ខន្ធយោធិនពលី បំផុសនិងរៀបចំកញ្ចប់អំណោយនិងចែកអំណោយដល់វីរកងទ័ពជួរមុខនិងជនភៀសសឹកយ៉ាងសកម្មបំផុត។ ក្រៅពីនោះ សេនាធិការរបស់រាជរដ្ឋាភិបាលទាំងអស់ក៏បានសស្រាក់សស្រាំជួយឧបត្ថម្ភគាំទ្រដល់សមរភូមិមុខនិងជនភៀសសឹកយ៉ាងមមាញឹកបំផុតផងដែរ។
នៅក្នុងសារជូនជនរួមជាតិកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា «ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ»។
ក្នុងសារកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា «ខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានសេចក្តីរំភើបឥតឧបមាដែលបានឃើញការចូលរួមដ៏ផុលផុសរបស់បងប្អូនជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ក្នុងការផ្តល់ការគាំទ្រពេញទំហឹងទាំងខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅយ៉ាងលំបាកនៅតាមជម្រកសុវត្ថិភាពនានា។ នេះជាស្មារតីសាមគ្គី ឯកភាពជាតិ និងជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងគ្រាដ៏លំបាកបំផុត។ ទីណាពលរដ្ឋមានទុក្ខ មានមុខសម្តេចតេជោ-ធិបតី និងមន្ត្រីរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ចាំជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋជានិច្ច។ ការតស៊ូ លះបង់ ដើម្បីរំដោះប្រជាពលរដ្ឋចេញពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ការស្វះស្វែងរកសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ប្រទេសឱ្យបានរីកលូតលាស់ដូចសព្វថ្ងៃ គឺជាសក្ខីភាពប្រវត្តិសាស្ត្រដែលបញ្ជាក់ច្បាស់ពីរឿងនេះ។
បច្ចុប្បន្ន នៅពេលប្រទេសជាតិនិងពលរដ្ឋភៀសសឹកយើងជួបការលំបាក សក្ខីភាពប្រវត្តិសាស្ត្រនេះក៏បានបង្ហាញឡើងសារជាថ្មីតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើងក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការតស៊ូពុះពារដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី តាមរយៈមធ្យោបាយសន្តិវិធីដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងដោយមិនទទួលយកដាច់ខាតនូវការប្រើប្រាស់កម្លាំងដើម្បីចូលកាន់កាប់ទឹកដី។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ៕
