អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតចំពោះគ្រួសារយុទ្ធជនពលី៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៤ខ្នងទៀតជូនក្រុមគ្រួសារវីរកងទ័ពពលី ក្នុងនោះផ្ទះថ្មី១ខ្នងត្រូវបានប្រគល់ជូនក្រុមគ្រួសាររស់នៅក្នុងខេត្តត្បូងឃ្មុំ និងផ្ទះថ្មី៣ខ្នងទៀតប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម។

នេះជាសកម្មភាពជាបន្តបន្ទាប់ក្នុងចំណោមសកម្មភាពមនុស្សធម៌គ្រប់ទម្រង់ដែលលោកជំទាវទី១ របស់កម្ពុជាតែងតែធ្វើដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនិងជាតិមាតុភូមិ។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់គឺ រយៈពេលចុងក្រោយនេះ សកម្មភាពដ៏លេចធ្លោមួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រួសារយុទ្ធជនពលី វីរយុទ្ធជនរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ វីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ និងពលរដ្ឋភៀសសឹក។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីជូនគ្រួសារវីរកងទ័ពដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ លោកជំទាវបណ្ឌិតបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនិងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយជាច្រើនរបស់សម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ មានដូចជា៖ ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសពដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ការយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំនៃយើង និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងវីរនគរបាលជាតិដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី និងនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

សូមរម្លឹកជូនថា តមតាមការអំពាវនាវរបស់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានសម្រេចលើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាម៉េរិក សម្រាប់គ្រួសារជនភៀសសឹកដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងបានលុបចោលបំណុល (ទាំងប្រាក់ដើម ទាំងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាម៉េរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ផងនិងជួយសម្រួលជីវភាពក្នុងពេលដែលពួកគេបាត់បង់ចំណូលផង។

នៅក្នុងសារផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព និងវីរនគរបាលដ៏អង់អាចក្លាហានគ្រប់រូបក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមដើម្បីកាពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី។ គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថា ទន្ទឹមនឹងដៃម្ខាងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារវីរយុទ្ធជនដែលបានពលី, វីរកងទ័ព វីរកងនគរបាលជាតិដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ក៏ដូចជាវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ និងពលរដ្ឋភៀសសឹក ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក៏បាននិងកំពុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងប្តូរផ្តាច់បំផុតតាមរយៈនយោបាយការទូតដោយសន្តិវិធីស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដែលមិនអាចធ្វើសម្បទានបាន៕