ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦
…………………………
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិជ្រាបអំពីបេសកកម្មការទូតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើឆាកអន្តរជាតិ និងការបញ្ជាក់ជំហរច្បាស់លាស់របស់សម្តេចចំពោះដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ៖
ក្នុងដំណើរបំពេញបេសកកម្មការទូតទៅកាន់សហរដ្ឋអាម៉េរិក និងទ្វីបអឺរ៉ុប ដែលជាផ្នែកមួយនៃការទូតសកម្មរបស់រាជរដ្ឋាភិបាលនៅលើឆាកអន្តរជាតិ សម្តេចបវរធិបតី ក្រៅពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (The board of Peace) ក៏បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិក និងថ្នាក់ដឹកនាំប្រទេសមួយចំនួនផ្សេងទៀត។ នៅទ្វីបអឺរ៉ុប ជាពិសេសនៅទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល សម្តេចនាយករដ្ឋមន្ត្រីក៏គ្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអឺរ៉ុបជាច្រើនផងដែរ។ ក្រៅពីនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានឆ្លៀតផ្តល់បទសម្ភាសន៍ជូនទីភ្នាក់ងារសារព័ត៌មាននិងបណ្តាញផ្សព្វផ្សាយអន្តរជាតិធំៗមួយចំនួន។ ក្នុងកិច្ចសម្ភាសន៍ទាំងនោះ សំណួរដំបូងរបស់អ្នកសារព័ត៌មានអន្តរជាតិសុទ្ធតែបានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ខ្លឹមសារសំខាន់ៗដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានអន្តរជាតិមានដូចតទៅ៖
កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជា ហើយទីតាំងជាច្រើនបានចូលជ្រៅមកក្នុងទឹកដីកម្ពុជាហួសពីខ្សែព្រំដែនឯកតោភាគីដែលភាគីថៃទាមទារទៅទៀត។ កងកម្លាំងថៃបានរាយបន្លាលួស ដាក់ទូរកុងតឺន័រដើម្បីរារាំងផ្លូវមិនឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចូលទៅកាន់លំនៅដ្ឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនបានឡើយ។ បច្ចុប្បន្ននេះមានជនភៀសសឹកកម្ពុជាប្រមាណជិត៨ម៉ឺននាក់ទៀតមិនអាចវិលចូលផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយដោយសារតែភាគីថៃបិទផ្លូវ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានប្រាប់បណ្តាញសារព័ត៌មានអន្តរជាតិទាំងនោះថា ការលើកឡើងនេះមិនមែនជាការចោទប្រកាន់ទេ ក៏ប៉ុន្តែ វាគឺជាការពិតដែលកំពុងកើតឡើងនៅលើដីជាក់ស្តែងតែម្តង។
ជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនដែលរំលោភបំពានទឹកដីអ្នកណាទេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក៏មិនអាចទទួលយកបានជាដាច់ខាតចំពោះការរំលោភបំពានណាមួយមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងមិនទទួលស្គាល់ការប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនជាដាច់ខាត។ ជាដំណោះស្រាយ កម្ពុជាជានិច្ចកាលចង់បានដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចានិងការចុះវាស់វែងដើម្បីផ្ទៀងផ្ទាត់ ដោយប្រើយន្តការបច្ចេកទេសដែលបានឯកភាពគ្នា និងផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ពីព្រោះសង្គ្រាមមិនអាចដោះស្រាយបញ្ចប់បញ្ហាបានទេ។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែន(JBC)ចុះវាស់វែងព្រំដែនឱ្យបានឆាប់បំផុតទៅតាមអ្វីដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីថៃបានលើកហេតុផលនៃការបោះឆ្នោត តែឥឡូវនេះការបោះឆ្នោតបានធ្វើរួចរាល់ហើយ ដូច្នេះការងារនេះគួរតែអាចចាប់ផ្តើមធ្វើបានយ៉ាងហោចណាស់ក្នុងកម្រិតក្រុមការងារចម្រុះបច្ចេកទេសចុះវាស់វែង ដើម្បីបន្ធូរបន្ថយភាពតឹនតឹង និងអនុញ្ញាតឱ្យពលរដ្ឋស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដូចធម្មតា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនថា អ្វីដែលបាននិងកំពុងកើតឡើងនៅឯព្រំដែនកម្ពុជា-ថៃ ហើយដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់សារព័ត៌មានអន្តរជាតិ គឺសុទ្ធសឹងជាការពិតជាក់ស្តែងទាំងអស់ដែលអាចផ្ទៀងផ្ទាត់បាន។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បណ្តាអង្គទូតបរទេសប្រចាំកម្ពុជា និងតំណាងអង្គការអន្តរជាតិក៏ដូចជាសារព័ត៌មានបរទេសជាច្រើនបានចុះទៅពិនិត្យ ផ្ទៀងផ្ទាត់និងរាយការណ៍ដល់ទីកន្លែងផ្ទាល់ជាបន្តបន្ទាប់។ ក្រៅពីនោះ អ្នកមានឥទ្ធិពលលើបណ្តាញសង្គមទាំងជនជាតិខ្មែរនិងបរទេស អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន សុទ្ធសឹងជាសាក្សីផ្ទាល់ភ្នែកចំពោះសកម្មភាពរបស់កងយោធាថៃនៅតាមព្រំដែន។ ដូច្នេះ គ្មាននរណាអាចបដិសេធឬបំភ្លៃរឿងពិតទាំងនេះបានឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមបញ្ជាក់ជូនបងប្អូនជនរួមជាតិជ្រាបដែរថា ពាក្យថា «ការការពារបូរណភាពទឹកដីនិងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអះអាងចំពោះមុខប្រជាជាតិ មិនមែនគ្រាន់តែជាពាក្យសម្តីទេ ប៉ុន្តែ គឺជាឆន្ទៈពិតប្រាកដ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ដែលបានស្តែងឡើងតាមរយៈនយោបាយការទូតយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំយើងដើម្បីឈានទៅរកដំណោះស្រាយបញ្ហាដោយសន្តិវិធី។ ក្នុងន័យនេះហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់សំណើរជាច្រើនលើកទៅកាន់ភាគីថៃដើម្បីចាត់ក្រុមការងារបច្ចេកទេសចុះវាស់វែងព្រំដែនឱ្យបានឆាប់ដូចដែលបានព្រមព្រៀងគ្នា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕