បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦

………………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានចំនួនពីរជម្រាបជូនបងប្អូនជនរួមជាតិ៖

ទី១៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ និងបានរឹបអូសនាវានេសាទរបស់ពួកគេ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងច្បាស់លាស់លើអធិបតេយ្យនិងដែនទឹករបស់កម្ពុជា ព្រមទាំងរំលោភច្បាប់អន្តរជាតិ។

កម្ពុជាបានទាមទារឱ្យប្រទេសថៃដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ និងបញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រកម្ពុជានិងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត។

ទី២៖ ខ្ញុំសូមផ្តល់ព័ត៌មានបន្ថែមអំពីបេសកកម្មការទូតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៖

ស្របពេលនឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្លាស់ប្តូរទស្សនៈជាមួយឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រី ដោយភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មី ជាពិសេសខណៈកម្ពុជា និងហុងគ្រីអបអរសាទរខួបទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។

ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាម៉េរិកមួយចំនួន រួមមាន៖ ឯកឧត្តម អគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិក ឱ្យកាន់តែរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ពោលគឺពាណិជ្ជកម្មទ្វេភាគីបានកើនដល់២៩% នៅឆ្នាំ២០២៥ ហើយការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្តម Christoper Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរបានស្វាគមន៍ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីនិងបានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់កម្ពុជាចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់ហ្គាហ្សា និងតំបន់ដទៃទៀត។

សម្តេចធិបតីក៏បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម និងអនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរបានកត់សម្គាល់ពីដំណើរវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក ទស្សនកិច្ចរបស់នាវា USS Cincinnati នៅមូលដ្ឋានសមុទ្ររាម និងការលុបចោលបម្រាមលក់សព្វាវុធដល់កម្ពុជា។ ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងការរៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ ជាពិសេសសមយុទ្ធឆ្មាំអង្គរនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានទទួលជំនួបសម្តែងការគួរសមពីឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាដើម្បីជាប្រយោជន៍របស់ប្រជាជន និងប្រជាជាតិទាំងពីរ។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីតំណាងស្ថាប័នអន្តរជាតិ Atlantic Council ផងដែរ។ បន្ថែមលើនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិល្បីៗ រួមមាន Reuters និង Fox News។

ក្នុងជំនួបខាងលើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនសមភាគី អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕