អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា

បទអន្តរាគមន៍ដោយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា»

១៦:៣០ ល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

…………………..

ដូចការគ្រោងទុក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសដែលទើបតែបិទបញ្ចប់នៅមុននេះបន្តិចហើយព័ត៌មានលម្អិតស្តីពីលទ្ធផលនៃកិច្ចប្រជុំនឹងជំរាបជូននាពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសនេះរៀបចំដោយម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ានប្តូរវេន។ កិច្ចប្រជុំនេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ានចំពោះការឯកភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាមជ្ឈភាពអាស៊ានក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ស្របតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់មជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះសហគមន៍អន្តរជាតិទាំងមូល។

ក្នុងឱកាសអញ្ជើញចូលរួមកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានជួបពិភាក្សាការងារទ្វេភាគីជាសមភាគីឡាវ ភីលីពីន និងសិង្ហបូរី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងក៏បានចែករម្លែកព័ត៌មានអំពីបញ្ហាព្រំដែនកម្ពុជាថៃផងដែរ។ ឯកឧត្តមក៏បានជួបពិភាក្សាជាមួយអគ្គលេខាធិការអាស៊ានផងដែរ។

គិតមកទល់រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺមានរយៈពេល ១៦ ថ្ងៃហើយដែលកងទ័ពថៃបានបើកការវាយប្រហារឈ្លានពានយ៉ាងកម្រោលមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។ កងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិលដោយមិនរើសមុខ មិនរើសទីកន្លែង ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើននិងបន្តកើនឡើងជាលំដាប់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ។

ជាក់ស្តែង រហូតមកទល់ពេលនេះមានជនស៊ីវិលស្លូតត្រង់ខ្មែរបានស្លាប់ចំនួន២០នាក់ និងរងរបួស៨០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ ចំណែកប្រជាពលរដ្ឋភៀសសឹកចេញពីផ្ទះសម្បែងបានកើនដល់ជាង៥២ម៉ឺននាក់ហើយ។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិផងបានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែករបស់កងទ័ពឈ្លានពានថៃ។

ការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញខ្ពស់ដូចជា យន្តហោះទម្លាក់គ្រាប់បែក F-16  នាវាចម្បាំង កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ដ្រូនគ្រប់ប្រភេទ និងការបាញ់ផ្សែងពុលមកលើកកងទ័ពនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជាបានកើតឡើងជារៀងរាល់ថ្ងៃ។ សកម្មភាពព្រៃផ្សៃនិងអមនុស្សធម៌នេះគឺជាអំពើផ្គើននិងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ មានដូចជាសហរដ្ឋអាម៉េរិក ចិន សហភាពអឺរ៉ុប ប្រធានប្តូរវេនអាស៊ាន និងបណ្តាប្រទេសផ្សេងទៀតដែលបានអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរវិញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនិងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃមកលើជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់៕