ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថា អាជ្ញាធរកម្ពុជាមិននៅស្ងៀមឡើយ ចំពោះមុខសកម្មភាពបំផ្លិចបំផ្លាញរបស់យោធាថៃទៅលើប្រាសាទបុរាណនិងទីតាំងជាទីគោរពសក្ការៈតាមជំនឿសាសនាដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា។
ជាក់ស្តែង ក្រសួងធម្មការនិងសាសនា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានប្រកាសតវ៉ាយ៉ាងដាច់ខាតប្រឆាំងនឹងសកម្មភាពរបស់យោធាថៃ ដែលបានកសាងព្រះពុទ្ធបដិមាហើយយកទៅតម្កល់នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយយោធាថៃនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ។ ក្រសួងធម្មការនិងសាសនា បានចាត់ទុកសកម្មភាពនេះថា ជាការរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិដែលហាមឃាត់ការចូលកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង ហើយក៏ផ្ទុយស្រឡះពីការប្តេជ្ញាចិត្តរបស់ភាគីថៃដែលអះអាងថា ចង់ដោះស្រាយវិវាទដោយសន្តិវិធីក្រោយកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលខ្លួនបានឯកភាព។ ក្រសួងបានទាមទារឱ្យថៃគោរពច្បាប់ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។
ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសតវ៉ាប្រឆាំងនឹងសកម្មភាពរបស់យោធាថៃមកលើប្រាង្គប្រាសាទតាក្របី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅជិតប្រាសាទដោយចាត់ទុកជាសកម្មភាពរំលោភបំពានទាំងស្រុង ទៅលើគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ប្រាសាទតាក្របីដែលបានខូចខាតស្ទើរទាំងស្រុងដោយការបាញ់បំផ្លាញពីសំណាក់យោធាថៃ គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួន ដោយស្ថាប័នវប្បធម៌កម្ពុជា និងក៏ជាទីតាំងជាទីគោរពសក្ការៈតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។ ក្រសួងក៏បានស្នើឱ្យភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាបញ្ឈប់គម្រោងនានានៅជុំវិញប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហើយងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ស្ថានភាពខូចខាតរមណីយដ្ឋានប្រាសាទព្រះវិហារ ដោយសារការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងនោះមានទាំងការខូចខាតប្រាង្គប្រាសាទ និងតំបន់ជុំវិញ រួមទាំងវត្តកែវសិក្ខាគីរីស្វារៈផងដែរ។
ជាមួយនឹងការបង្ហាញការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រោមស្នាដៃទាហានថៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់អង្គការនិងសហគមន៍អន្តរជាតិផ្តល់ការគាំទ្រដល់វិធានការបន្ទាន់នានា សំដៅការពារប្រាសាទពីការវាយប្រហារបន្ថែម និងគាំទ្រដល់ការអភិរក្សបន្ត និងជួសជុលស្តារប្រាសាទឡើងវិញ។ ទន្ទឹមនឹងនោះ ក្រសួងក៏បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា និងពិធីសារក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវបានបង្កើតឡើងសម្រាប់ចងភ្ជាប់រដ្ឋភាគីទាំងអស់ឱ្យគោរព និងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសាកល។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានតវ៉ាប្រឆាំងយ៉ាងខ្លាំងទៅនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងនោះក៏មានសកម្មភាពតម្កល់រូបសំណាកព្រះពុទ្ធបដិមានៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយយោធាថៃនៅក្នុងតំបន់អានសេះក្នុងខេត្តព្រះវិហារផងដែរ។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះថា ផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ហើយបានអំពាវនាវឱ្យថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់គ្រប់ចំណុចដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋាន ដែលបានឯកភាពគ្នានិងស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕
