សេចក្តីព្រាងរបាយការណ៍នេះ បង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន និងកាត់បន្ថយថ្លៃធ្វើធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានវិសាលភាពគ្របដណ្តប់វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកានេះ និងការដោះស្រាយបញ្ហាលើកឡើងដោយវិស័យឯកជន ក្នុងកិច្ចប្រជុំក្រុមការងារតាមវិស័យ ដែលនៅសេសសល់ពីឆមាសទី២ ក្នុងឆ្នាំ២០២៤ និងបញ្ហាថ្មីៗដែលបានលើកឡើងក្នុងឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលនៃការស្ទង់មតិផងដែរ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិកានេះ កំពុងឈានទៅសម្រេចពេញលេញ ១០០% ដោយវិធានការសម្រេចពេញលេញមានចំនួន ១៦៦ ស្មើនឹងប្រមាណ ៩៣% ខណៈវិធានការដែលកំពុងត្រូវបានអនុវត្តមាន ចំនួន ១៣វិធានការ ស្មើនឹងប្រមាណ ៧% នៃវិធានការសរុប។ វិធានការដែលកំពុងត្រូវបានអនុវត្តទាំង ១៣នេះ ភាគច្រើនសម្រេចបានវឌ្ឍនភាពសំខាន់ៗ ថ្វីត្បិតពុំទាន់ត្រូវបានសម្រេចពេញលេញនៅឡើយ។ ជារួម របាយការណ៍នេះផ្តល់នូវព័ត៌មានចាំបាច់ជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័ន ក្នុងការពន្លឿនការអនុវត្តវិធានការនិងដោះស្រាយបញ្ហាដែលនៅសេសសល់ ព្រមទាំងកំណត់អត្តសញ្ញាណចំណុចដែលអាចធ្វើឱ្យប្រសើរឡើង។ រាជរដ្ឋាភិបាល អាចប្រើប្រាស់ព័ត៌មានក្នុងរបាយការណ៍នេះ ដើម្បីតម្រង់ទិស និងពិចារណា ដាក់ចេញវិធានការបន្ថែមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបានលើកឡើងដោយវិស័យឯកជន។
ទន្ទឹមនេះ របាយការណ៍នេះក៏ឆ្លើយតបនឹងសេចក្តីត្រូវការរបស់វិស័យឯកជន ក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ និងសំដៅជំរុញការបណ្តាក់ទុនវិនិយោគ និងពង្រីកគម្រោងវិនិយោគបន្ថែមទៀតនៅកម្ពុជា។ ជាការកត់សម្គាល់លទ្ធផលនៃការស្ទង់មតិក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ឆមាសទី២ ឆ្នាំ២០២៤ ដែលបានរៀបចំឡើង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅតែបានបង្ហាញឱ្យឃើញពីសេចក្តីពេញចិត្តរបស់វិស័យឯកជន ទៅលើវិធានការនិងការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកានេះ។ ជារួម ការដាក់ចេញនូវវិធានការនេះ អាចបង្កើនលទ្ធភាពរបស់អ្នកស្ទង់មតិភាគច្រើនក្នុងការពង្រីកអាជីវកម្មបន្ថែម៕
