អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

គិតមកទល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺមានរយៈពេល ១៨ ថ្ងៃហើយ ដែលទាហានថៃបានបើកការវាយប្រហារឈ្លានពានយ៉ាងកម្រោលមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិលដោយមិនរើសមុខ មិនរើសទីកន្លែង ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើននិងបន្តកើនឡើងជាលំដាប់ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ។

ជាក់ស្តែង រហូតមកទល់ពេលនេះមានជនស៊ីវិលស្លូតត្រង់ខ្មែរបានស្លាប់ចំនួន២១នាក់ និងរងរបួស៨៣នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ ចំណែកប្រជាពលរដ្ឋភៀសសឹកចេញពីផ្ទះសម្បែងបានកើនដល់ជាង៦០ម៉ឺននាក់ហើយ។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិផងបានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែករបស់ទាហានឈ្លានពានថៃ។ ទោះបីជាមេដឹកនាំថៃខិតខំភូតកុហក បំភ្លៃការពិត បង្វែរស្ថានការណ៍ដើម្បីបិទបាំងអំពើឈ្លានពានទឹកដីកម្ពុជា និងចង់គេចចេញពីអំពើឧក្រិដ្ឋកម្មរបស់ខ្លួនមកលើជនស៊ីវិលស្លូតត្រង់ខ្មែរយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចបិទបាំងការពិតពីភ្នែកសហគមន៍អន្តរជាតិបានឡើយ។

ការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញ់ខ្ពស់ដូចជា យន្តហោះទម្លាក់គ្រាប់បែក F-16  នាវាចម្បាំង កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ដ្រូនគ្រប់ប្រភេទ និងការបាញ់ផ្សែងពុលមកលើកងទ័ពនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជាបានកើតឡើងជារៀងរាល់ថ្ងៃ។ សកម្មភាពព្រៃផ្សៃនិងអមនុស្សធម៌នេះ គឺជាអំពើផ្គើននិងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិ មានដូចជា សហរដ្ឋអាម៉េរិក ចិន សហភាពអឺរ៉ុប ប្រធានប្តូរវេនអាស៊ាន និងបណ្តាប្រទេសផ្សេងទៀតដែលបានអំពាវនាវឱ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរវិញ។

អំពើសាហាវព្រៃផ្សៃប្រកបដោយអំនួតក្អេងក្អាងរបស់មេដឹកនាំថៃមានគោលដៅវាយបំបាក់ទឹកចិត្តខ្មែរ និងបំបែកកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំដោយពួកគេសង្ឃឹមថា អាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរបាក់ស្បាត និងបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាល។ ប៉ុន្តែ ពួកគេពិតជាយល់ខុសស្រឡះ។ សម្រាប់ប្រជាជាតិខ្មែរ អំពើឈ្លានពានយ៉ាងកម្រោលបែបនេះមិនបានធ្វើឱ្យខ្មែរភ័យខ្លាចឬបាក់ទឹកចិត្តសូម្បីតែបន្តិចឡើយ។ ផ្ទុយទៅវិញ ការបំពានលើបូរណភាពទឹកដីកម្ពុជា និងការទម្លាក់គ្រាប់បែកលើជនស៊ីវិលស្លូតត្រង់ខ្មែរ បានជំរុញឱ្យប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរឹតតែប្រកៀកស្មាគ្នាកាន់តែរឹងមាំដើម្បីការពារទឹកដី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។

ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបាននាំគ្នាក្រោកឈរឡើងស្រែកទាមទារយុត្តិធម៌ ស្រែកទាមទាររកសន្តិភាព ប្រឆាំងការឈ្លានពាន និងប្រឆាំងការរំលោភបំពានលើជនស៊ីវិលយ៉ាងអមនុស្សធម៌របស់ទាហានឈ្លានពានថៃ។ សំឡេងរបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីមិនមែនជាការសម្តែងដើម្បីសុំក្តីអាណិតអាសូរទេ ប៉ុន្តែជាសំឡេងនៃប្រជាជាតិក្នុងប្រទេសតូចមួយដែលរងការឈ្លានពានទាំងបំពានលើច្បាប់អន្តរជាតិពីប្រទេសធំមួយដែលនៅជិតខាង។ កម្ពុជាជាប្រទេសតូចមែន ប៉ុន្តែ ប្រជាជាតិមួយនេះមិនឈរឱបដៃឱ្យប្រទេសណាមួយជាន់ឈ្លីនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកោតសរសើរប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរ និងស្ញប់ស្ញែងចំពោះវីរកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលតស៊ូយ៉ាងស្វិតស្វាញ ក្រាញននៀល ប្រឆាំងសត្រូវឈ្លានពានដើម្បីការពារបូរណភាពទឹកដី ដោយមានទំនុកចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលនិងជាពិសេសលើថ្នាក់ដឹកនាំរបស់ខ្លួន។ នេះគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរដើម្បីការពារបូរណភាពទឹកដី ប្រឆាំងជាមួយសត្រូវឈ្លានពាន៕