អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី “យុទ្ធសាស្រ្តនយោបាយព័ត៌មាន”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១២​ ខែ​មករា ឆ្នាំ​២០២៣ អង្គភាព​អ្នក​នាំ​ពាក្យរាជ​រដ្ឋាភិបាល បានបើកកិច្ចប្រជុំពិភាក្សា និង​ផ្សព្វផ្សាយ​ស្តីពី​ “យុទ្ធសាស្រ្តនយោបាយព័ត៌មាន” ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយ​សមាស​ភាព​អញ្ជើញ​ចូលរួម​មក​ពី​អ្នក​នាំពាក្យ​គ្រប់​ក្រសួង-ស្ថាប័ន អភិបាល​រង ទទួលបន្ទុកកិច្ចការនាំពាក្យរាជធានី-ខេត្ត និងប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត សរុប​ប្រមាណ​ជាង​១០០​នាក់​។

កិច្ច​ប្រជុំ​ពិភាក្សា ​និង​ផ្សព្វផ្សាយ ​ស្តីពី ​“យុទ្ធសាស្រ្ត​នយោបាយ​ព័ត៌មាន​” ត្រូវ​បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច​ ខែបុស្ស ឆ្នាំខាល ចត្វាស័ក​ ព.ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​សម្តេច​ក្រឡា​ហោម ស ខេង ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។

កិច្ច​ប្រជុំ​ពិភាក្សា ​និង​ផ្សព្វផ្សាយ ​ស្ដីពី ​“យុទ្ធសាស្រ្ត​នយោបាយ​ព័ត៌មាន​ ” ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល ​១ថ្ងៃ​ពេញ​នេះ​ មាន​គោលបំណង​ស្នូល ក្នុង​កិច្ច​ពង្រឹង​យន្តការ និង​គោលការណ៍​នយោបាយ​ព័ត៌មាន​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើ​យុទ្ធនាការ ​រួមគ្នា​ប្រមូល​ផ្ដុំ​ផ្សព្វផ្សាយ បំផុស​ឱ្យ​ប្រជាពលរដ្ឋ ​យល់ដឹង​កាន់តែ​ច្បាស់​នូវ​សមិទ្ធផល ដែល​ជា​ការ ​ប្រឹងប្រែង​របស់​រដ្ឋបាល​រាជធានី-ខេត្ត និង​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​ទៅ​គៀក​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ប្រកប​ដោយ​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធភាព​ និង​បរិយាបន្ន​ផង​ដែរ។ ក្នុង​ការ​ផ្សព្វផ្សាយ​បំផុស​ស្មារតី​នយោបាយ​ និង​ប្រសិទ្ធភាព​នៃ​ការ​ដឹកនាំ ​គឺ​ជា​ការ​បង្ហាញ​ចេញ​នូវ​ដំណោះ​ស្រាយ​ នៃ​បញ្ហា​ប្រឈម​នានា​ តាម​រយៈ​ដោយ​ផ្ទាល់ ​(វេទិកា​សាធារណៈ​) និង​ដោយ​ប្រយោល​(រលក​អាកាស ​វិទ្យុ អេឡិច​ត្រួនិក)​ ដែល​ជា​គោល​នយោបាយ​ក្នុង​កិច្ច​បង្កើន​គុណភាព ​បង្កើត​បាន​នូវ​លំហ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​គ្រឹះ ​នៃ​កិច្ច​ផ្តល់​សេវាកម្ម​ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ។

ក្រោម​បទ​ឧទ្ទិសនាម​ពី​សំណាក់​វាគ្មិន​រួម​មាន​៖

​១. ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តី​ប្រតិភូអម​នាយក​រដ្ឋមន្រ្តី ​និង​ជា​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល
​-បទ​ឧទ្ទិសនាម​ស្ដីពី៖ បទឧទ្ទិសនាម​ស្ដីពី​៖ “យុទ្ធសាស្រ្តនយោបាយព័ត៌មាន” នៅ​ក្នុង​បរិបទ​នេះ ​ព័ត៌មាន​ស្ថិត​នៅ​ក្នុង​វិន័យ ​និង​ចរាចរ​ ចេញ​ពី​ប្រភព​ផ្លូវការ​ទៅ​ដល់​សាធារណជន​ ដើម្បី​ការ​យល់​ដឹង និង​ការ​ចូលរួម​ប្រកប​ដោយ​ប្រសិទ្ធភាព ​ក្នុង​កិច្ច​កសាង​ នីតិរដ្ឋ​និង​ការ​ទទួល​ខុស​ត្រូវ​។ នេះ​ក៏​ជា​មូលដ្ឋាន​គ្រឹះ ​នៃ​កិច្ច​កសាង​ប្រជា​ជាតិ ​នៅក្នុង​លំហ​ប្រជាធិបតេយ្យ​ស៊ីវិល័យ និង​ថ្កុំថ្កើង​រុងរឿង​ ដែល​ជា​សន្តិភាព​ជា​អចិន្ត្រៃយ៍។

២. ឯកឧត្តម ឱម ច័ន្ទតារ៉ា ជំនួយ​ការ​អម​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​និង​ជា​ទីប្រឹក្សា​អង្គភាព​
-បទ​ឧទ្ទិសនាម​ស្ដីពី​៖ “សមាហរណកម្ម​ក្នុង​វិស័យ​ព័ត៌មាន​​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​” ដើម្បី​ពង្រឹង​យន្ត​ការ និង​គោលការណ៍​នយោបាយ​ព័ត៌មាន​ផ្សព្វផ្សាយ​ក្នុង​ភាព​បុរេ​សកម្ម​នៅ ​ថ្នាក់​ក្រោម​ជាតិ​បញ្រ្ជាប​ឱ្យ​ដល់​ប្រជាជន​ពិត​ប្រាកដ​នៅ​តាម​មូលដ្ឋាន ​ក្នុង​ន័យ​ពង្រឹង​ស្មារតី​ និង​លំហ​នៃ​ការ​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល ​ក្នុង​កិច្ចការ​កសាង​ជាតិ ​ក៏​ដូចជា​ការពារ​សន្តិភាព​)។

ជាមួយ​គ្នា​នេះ ​ក៏​មាន​ការ​រួម​ចំណែក​ផ្លាស់ប្តូរ​បទ​ពិសោធន៍​អំពី​កិច្ចការ​នាំពាក្យ​ពី​សំណាក់​អ្នក​នាំ​ពាក្យ​ថ្នាក់​ជាតិ ​រួម​មាន​ឯកឧត្តម​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​, ឯកឧត្តម​ នេត្រ ភក្ត្រា ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​និង ​ឯកឧត្តម​ រស់ សុវាចា ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ព្រម​នឹង​ការ​ផ្ដល់​បទពិសោធន៍​នៃ​ការ​រៀបចំ​វេទិកា​សាធារណៈ​ពី​សំណាក់​ ឯកឧត្តម​ កើត ឆែ​ អភិបាល​រង​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ឯកឧត្តម​ អ៊ឹង ឆាយ​ អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ ក៏​ដូចជា​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​ អំពី​ការ​រៀបចំ​កម្មវិធី​សន្ទនា​ ឯកឧត្តម​ លីវ សុខុន ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប​ និង​លោក​ជំទាវ​ សំ ផល្លា​ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម​។

ការផ្ដល់អនុសាស្ត្ររបស់សម្ដេចក្រឡាហោម ផ្ដល់អោយអភិបាលរងនៃគណៈអភិបាលខេត្តទទួលបន្ទុកកិច្ចការនាំពាក្យ

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចក្រឡាហោម ស្ដីពី វិស័យព័ត៌មាន

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស្ដីពី ចក្ខុវិស័យនិងយុទ្ធសាស្ត្រកំណែទម្រង់ ៣ បូក ១

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស្ដីពី កម្មវិធី គណនេយ្យភាពសង្គម