អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ដំណាំស្វាយចន្ទីចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយនៅដើមខែកុម្ភ:នេះ

ស្វាយចន្ទីជាប្រភេទដំណាំកសិឧស្សាហកម្មអចិន្ត្រៃ ដែលមានសារប្រយោជន៍ជាច្រើន ជាពិសេសផលឹតផ្នែកចំណីហារ ដូចជាបង្អែម ធ្វើម្ហូបបរិភោគ និងគ្រាប់ទៅចម្រាញ់ធ្វើជាប្រេងដូចធុញ្ញជាតិផ្សេងៗបានផងដែរ ។ ដំណាំនេះចាប់ផ្តល់ផលឱ្យពីចុងខែមករាឬដើមខែកុម្ភ: ប្រសិនជាគេក្រីមែក បាញ់ថ្នាំជម្រុះស្លឹកនៅពេលមុនវាចាប់ផ្តើមជិតចេញផ្កា ដែលការអនុវត្តរបៀបនេះម្ចាស់ចំការនឹងទទួលបានទិន្នផលខ្ពស់ ព្រោះថាយើងធ្វើបានមុនអាកាសធាតុក្តៅមកដល់ ។
លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម ខេត្ដសៀមរាប ឧត្ដរមានជ័យ និងជាម្ចាស់ចំការស្វាយចន្ទីលើផ្ទៃដីជិត១ពាន់ហិកតា នៅឃុំពង្រលើស្រុកជីក្រែង បានឲ្យដឹងកាលពីពេលថ្មីៗនេះថា៖ កសិករដែលប្រកបរបរដាំដំណាំស្វាយចន្ទី បានប្រមូលផលលើកដំបូងហើយចាប់ពីដើមខែកុម្ភ:មក ។ តាមការពិនិត្យ សម្រាប់ឆ្នាំ២០២០នេះ ទិន្នផលគ្រាប់ស្វាយចន្ទីហាក់ប្រសើរជាងឆ្នាំ២០១៩កន្លងមក ដោយសារដើមស្វាយចន្ទីមានភាពលូតលាស់ធំជាងមុន ម្យ៉ាងទៀតដោយសារយើងបានប្រើប្រាស់ជី និងថ្នាំតាមលក្ខណ:បច្ចេកទេស(ជីធម្មជាតិ) ហើយការថែទាំងក៍បានល្អផងដែរ។ ចំពោះតម្លៃថ្លៃថ្នូរនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ដោយសារកំពុងចាប់ផ្តើមប្រមូលផល ហើយហាលសម្ងួតគ្រាប់ស្វាយចន្ទី ដើម្បីរក្សាទុកនៅរដូវចុងដៃ នៃការប្រមូលផលចប់ ទើបលក់ចេញ ដែលអាចទទួលបានតម្លៃថ្លៃប្រហែលមួយគីឡូគ្រាម លើសពី៨០០០រៀលឡើងទៅ ។ បើយើងប្រញ៉ាប់លក់ពេកឈ្មួញនឹងឱ្យតម្លៃថោកដោយសារបងប្អូនអ្នកដាំខ្លះគាត់ប្រមូលផលបណ្តើរលក់បណ្តើរ ប្រញ៉ាប់លក់ពេកជាហេតុផ្តល់ឱកាសឱ្យឈ្មួញទម្លាក់តម្លៃ ។ លោកឧញ៉ា សង្ឃឹមថាតម្លៃទីផ្សារនៃដំណាំកសិឧស្សហកម្មនៅកម្ពុជា នៅពេលខាងមុខនឹងមានភាពប្រសើរជាងពេលនេះ ព្រោះមានក្រុមហ៊ុនវិនិយោគមកពីបរទេសជាច្រើនកំពុងចាប់អារម្មណ៍និងសិក្សា ជាពិសេសដំណាំស្វាយចន្ទីនេះតែម្តង ពួកគេបំរុងបង្កើតរោងចក្រនៅកម្ពុជា និងធ្វើការប្រមូលទិញស្វាយចន្ទីទាំងអស់ តែដោយសារការដាំដុះស្វាយចន្ទីនេះ នៅមានចំនួនមិនទាន់សមល្មមនឹងសមត្ថភាព ទើបអ្នកវិនិយោគមិនទាន់ចុះមកបង្កើតរោងចក្រនៅឡើយទេ (កំពុងសិក្សា)។ លោក ហុយ ភៀវ បានបង្ហើបឱ្យដឹងថា៖ បច្ចុប្បន្នក្រុមហ៊ុនថប់ផ្លេននើរបស់ជប៉ុនបានវាយតម្លៃស្វាយចន្ទីររបស់កម្ពុជាថាមានរសជាតិឆ្ងាញ់ជាងគេបំផុតនៅក្នុងពិភពលោក ចឹងហើយបានជាគាត់ចាប់អារម្មណ៍ចង់មកវិនិយោគទុននៅកម្ពុជា។ បើតាមឧកញ៉ា លោក ហ៊ុយ ភៀវ ដំណាំនេះវាអាចជួយដល់កំណើនសេដ្ឋកិច្ចជាតិ ដូចជាការនាំចេញទៅទីផ្សារក្រៅប្រទេសជាដើម ជាពិសេសជួយផ្ដល់ការងារដល់ពលរដ្ឋនៅមូលដ្ឋាននេះ ហើយបញ្ជៀសការធ្វើចំណាកស្រុកទៅរកការងារធ្វើដោយប្រថុយប្រថានរាប់រយនាក់ ។ ក្នុងមួយរដូវៗមានបងប្អូនប្រជាពលរដ្ឋក្មេងចាស់ពី៤ទៅ៥រយនាក់មកមួថ្ងៃៗ មកធ្វើការឱ្យក្រុមហ៊ុនរបស់លោក ក្នុងការប្រមូលផលស្វាយចន្ទីទុំ ក្នុងមួយរដូវៗ
_ _សម្លេងសម្ភាសន៍លោក ហ៊ុយ ភៀវ

បើតាមលោក មិន ជួប ជាមេឃុំពង្រលើ ស្រុកជីក្រែង បានអោយដឹងថានៅរដូវប្រមូលផលស្វាយចន្ទីនេះគឺបានជួយផ្ដល់ការងារដល់ពលរដ្ឋនៅតំបន់នេះបានប្រមាណ៨០% ដើម្បីកាត់បន្ថយធ្វើចំណាកស្រុក និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ខណ:ដែលម្ចាស់ចំការតែងផ្ដល់ការងារអោយពួកគាត់ធ្វើជាប្រចាំថ្ងៃ។
ផ្អែកតាមរបាយការណ៍ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបង្ហាញថា៖ ទូទាំងខេត្តសៀមរាប មានផ្ទៃដីដាំស្វាយចន្ទីជាលក្ខណ:គ្រួសារដែលអាចដាំដុះបានប្រមាណជាង៦.៦៦៤ហិកតា ក្នុងនោះ៥.៥០០ហិកតា កំពុងទទួលផល ដែលទិន្នផល ២.១៦តោនក្នុង១ហិកតា និងបរិមាណផលសរុប១១,៨៨០តោន ។ផ្ទៃដីដាំជាលក្ខណ:ក្រុមហ៊ុន មានចំនួន៣.២៣៨ហិកតា ក្នុងនោះកំពុងទទួលផលចំនួន២៥០០ហិកតា ដោយ ទិន្នផល២.៧០តោនក្នុង១ហិកតានិងបរិមាណផលសរុប៦,៧៥០តោន ៕ ប្រភពពី ៖ មន្ទីរព័ត៌មានខេត្តសៀមរាប