អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ត្រូវដាក់អោយដំណើរការ

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ត្រូវបានរៀបចំពិធីផ្សព្វផ្សាយនិងដាក់អោយដំណើរការចាប់ពីពេលនេះតទៅ ក្រោមអធិបតីភាពឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាលក្រុង ស្រុក សរុបប្រមាណជាង១០០នាក់ ។ថ្លែងក្នុងឱកាសនេះ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ការធ្វើវិមជ្ឈការ គឺជាការផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនីភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះដែរលោកជំទាវបានផ្តល់គោលការណ៍មួយចំនួនដែលផ្តោតការយកចិត្តទុកដាក់អនុវត្តដើម្បីធានាឱយរដ្ឋបាលខេត្តអាចចាប់ផ្តើមគ្រប់គ្រង ចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលដែលបានផ្ទេរមកនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ស្របតាមស្មារតីនៃអនុក្រឹត្យ៖
១-ការផ្សព្វផ្សាយបន្តដល់មូលដ្ឋាន
២-ការគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរ
៣-ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ថវិកា
៤-ការផ្ទេរទ្រព្យសម្បត្តិ
លោកជំទាវបានគូសបញ្ជាក់ថា ការតាំងចិត្តដ៍មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តឱយកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជម្រុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱយកាន់តែមានភាពចម្រើនរុងរឿង។