អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រដ្ឋបាលខេត្តកែប បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាតត់ការ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តតាកែវ កំពត កែប អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ភូមិ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ ប្រមាណ ៥១០នាក់ ។

មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនេះ ឯកឧត្តម កែន សត្ថា បានបញ្ជាក់ថា ការរៀបចំសន្និបាត នេះ មានគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានានៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ធៀបនឹងផែនការប្រចាំឆ្នាំ ព្រមទាំងធ្វេីការឆ្លុះបញ្ចាំងចំណុច ខ្សោយ ខ្លាំង និងបញ្ហា ប្រឈមក្នុងឆ្នាំ២០១៩ និងពិភាក្សាដាក់ចេញទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២០។

ឯកឧត្តម បានបញ្ជាក់ថា ឆ្នាំ២០១៩កន្លងទៅនេះ គឺជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដូច្នេះ រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក្នុងស្មារតីទទួលខុសត្រូវ និងសម្រេចបានលទ្ធផលគួរជាទីមោន:។ ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ សាធារណះ ក្នុងភូមិសាស្រ្តខេត្ត មានភាពល្អប្រសេីរ មន្រ្តីរាជការមានការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ និងគោរពវិន័យបានល្អ ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅរដ្ឋបាលគ្រប់ថ្នាក់ និងមន្ទីអង្គភាព មានភាពល្អប្រសេីរ។

ឯកឧត្តមអភិបាលខេត្ត ក៏លេីកទឹកចិត្តឲ្យសមាជិកអង្គសន្និបាតទាំងមូល ផ្តល់នូវការគាំទ្រ និងចូលរួមលើកឡើង បញ្ហាប្រឈម ដំណោះស្រាយ និងធ្វើការពិភាក្សាផ្លាស់ប្តូរនូវគំនិតយោបល់ និងបទពិសោធន៍ល្អៗសម្រាប់ជាមូលដ្ឋានសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ឲ្យទទួលបានលទ្ធផលល្អប្រសេីរ៕