អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងរៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ខួប ៨៤ យាងចូល ៨៥ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកិត្តិយសសាខា ឯកឧត្តម លោកជំទាវគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក យុវជនកាកបាទក្រហម ព្រមទាំងយាយជី តាជី ជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃចំនួន ៩ អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ខួប៨៤ យាងចូល ៨៥ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខ។

ក្នុងឱកាសដ៍វិសេសវិសាលនេះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារ លិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្ដមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធាន កិត្តិយសកាកបាទក្រហមកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំ ទាំងអស់គ្នា ជាគណៈកិត្តិយសសាខាគណៈកម្មាធិការសាខា អនុសាខា ទូទាំងខេត្ដស្វា មន្រ្តីប្រត្តិបត្តសាខា ទីប្រឹក្សាយុវជនអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ច លំឱនកាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងក្រាបបង្គំទូលថ្វាយនូវអំណរសាទររីករាយក្រៃលែង ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះសម្តេច ព្រះមហាក្សត្រី នរោត្ដមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ស្ថិតក្នុងបរិយាកាសដ៏មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថ ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតា ទាំងមួយម៉ឺនលោកធាតុ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី បារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ និងតេជៈបារមី ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូម ព្រះមេត្ដាជួយប្រោះព្រំគាំពារថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ដ្រខ្មែរជាកូន-ចៅ របស់ព្រះអង្គបានជ្រកកោន រស់នៅប្រកបដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿងថ្កុំថ្កើងជានិច្ចនិរន្ដរ៍ដរាបតរៀងទៅ ។

បន្ទាប់មកលោកជំទាវកិត្តិសង្គហបណ្ទិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា មន្ត្រី ក្រុមប្រតិបត្តិសាខាបាននិមន្តរព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្តចំនួន៩ អង្គចម្រើនព្រះបរិត្តថ្វាយព្រះពរជ័យរួចរាប់បាត្រជាកិច្ចបញ្ចប់កម្មវិធីបុណ្យ ។