អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជាអធិបតី ក្នុងពិធីចែកធុងសំរាមចំនួន ៥០ ដល់សហគមន៍ពាមក្រសោប

ពិធីចែកធុងសំរាមនេះ ស្ថិតក្រោមសកម្មភាពអនុវត្តគម្រោងសាកល្បងការញែកសំរាមតាមបែបសហគមន៍ ដែលរដ្ឋបាលខេត្តកោះកុង តាមរយៈលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ខេត្តកោះកុង និងកិច្ចសហប្រតិបត្តិការជាមួយអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថាននៅសមុទ្រអាស៊ីបូព៌ា ហៅកាត់ថា PEMSEA ក្នុងគោលបំណង៖

ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីការញែកសំរាម និងគុណតម្លៃនៃការថែរក្សាបរិស្ថាន បង្កើតជាគំរូនៃការអនុវត្តការញែកសំរាមតាមបែបសហគមន៍ ដើម្បីបន្តពង្រីកទៅកាន់សហគមន៍ផ្សេងទៀត

ចូលរួមអនុវត្ត «គំនិតផ្តួចផ្តើមកាត់បន្ថយសំរាមនៅក្នុងសមុទ្រ» ជាភាសាអង់គ្លេស Marine Debris Initiatives ដែលជាយន្តការថ្មី និងបានឯកភាពគ្នារវាងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសជាសមាជិក របស់អង្គការ PEMSEA កាលពីឆ្នាំ២០១៩

ជាជំហានដំបូងនេះ ការញែកសំរាម ត្រូវបានគ្រោងនឹងរៀបចំនៅចំនួន ២៥ ទីតាំង ដោយ១ទីតាំងប្រើប្រាស់ធុងសំរាមចំនួន ២ ក្នុងនោះ ធុងពណ៌បៃតង សម្រាប់ដាក់សំរាមដែលអាចប្រើប្រាស់ឬកែច្នៃឡើងវិញបាន ដូចជាសំបកដប កំប៉ុង វត្ថុចាស់ៗ ជាដើម ចំណែកឯធុងពណ៌ខ្មៅ សម្រាប់ដាក់សំរាមដែលមិនអាចប្រើប្រាស់ឬកែច្នៃឡើងវិញបាន។

ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការទទួលធុងសំរាមនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញថាយើងទាំងអស់គ្នាបានគិតគូពីសំណល់រឹង សំណល់រាវ ព្រមទាំងបានគិតគូរយ៉ាងល្អពាក់ព័ន្ធនឹងការចូលរួមថែរក្សាអនាម័យបរិស្ថានល្អនៅក្នុងសហគមន៍ និងមូលដ្ឋានដែលបានរស់នៅ។ បន្ថែមពីនេះ ការប្រើប្រាស់ធុងសំរាម នៅតាមសហគមន៍ គឺបង្ហាញពីភាពចាស់ទុំក្នុងការគ្រប់គ្រងសំណល់សំរាមដែលខ្លួនឯងបានបង្កើតជារៀងរាល់ថ្ងៃ និងការបង្ហាញឱ្យឃើញពីការស្រឡាញ់បរិស្ថាននៅជុំវិញខ្លួន។

ឯកឧត្តមបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ធុងសំរាម នៅក្នុងសហគមន៍ពាមក្រសោបនេះ ក៏ជាការចូលរួមដាស់រំឮកស្មារតីដល់បងប្អូនជាភ្ញៀវទេសចរ ដែលមកទស្សនានៅក្នុងតំបន់នេះ ឱ្យយល់ដឹងពីការថែរក្សាអនាម័យផងដែរ។ បច្ចុប្បន្ននេះ បញ្ហាសំរាម បានចោទឡើងនៅក្នុងសង្គមកម្ពុជា មិនត្រឹមតែនៅតាមទីក្រុងនោះទេ សូម្បីតែនៅតាមនៅជនបទសំរាម ក៏បានចោទជាបញ្ហាមួយផងដែរ។ ដូច្នេះប្រសិនបើមិនបានគិតគូរអប់រំ ពីការគិតទុកសំរាមនោះទេ ច្បាស់ណាស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួននឹងបោះចោលសំរាមពាសវាលពាសកាលជាមិនខាន។ ជាក់ស្តែងតំបន់ពាមក្រសោប នៅជិតសមុទ្រ ប្រសិនបើមិនបានគិតគូរលើការទុកសំរាមនោះទេ វានឹងបង្កផលប៉ះពាល់ និងបំពុលដល់តំបន់ទេសចរណ៍នានារបស់កម្ពុជា ដែលជាប់នឹងមាត់សមុទ្រនេះ។

គួរជម្រាបថា ក្នុង១ឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ ៦៥% ជាសំណល់សិររីរាង្គ ២០% ជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត ហើយក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតជាដើម។

ទិន្នន័យឆ្នាំ២០១៨ បង្ហាញថា សំណល់រឹងដែលបានប្រមូលចាក់នៅទីលានសរុបប្រមាណជាង ១,៧ លានតោន ធៀបនឹងឆ្នាំ២០១៧ កើនឡើង ជាង ២០សែនតោន ហើយមានកំណើន ៥៦,៩% ធៀបនឹងឆ្នាំ២០១៤ មានត្រឹម ៣១៧ ៥៥០ តោនប៉ុណ្ណោះ។ រហូតមកដល់ចុងឆ្នាំ២០១៨ ស្ថានភាពគ្រប់គ្រងទីលានទូទាំងក្រុង ស្រុកគោលដៅ ស្ថិតក្នុងសភាពពុំទាន់ល្អប្រសើរនៅឡើយ ដោយស្រុកចំនួន ៧៩ នៅពុំទាន់មានទីលាន ក្រុងស្រុកដែលមានទីលាន មានតែ ៥៧,២% ហើយក្រុងស្រុកដែលមានទីលានបម្រុងមានត្រឹមតែ ៦,៤% ប៉ុណណ្ណោះ។