អភិបាលខេត្តបាន ដឹកនាំមន្ទីរជំនាញចុះពិនិត្យការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវកោះកែរ ទីប្រជុំជនក្រុងព្រះវិហារ ដើម្បីរៀបចំឱ្យមានសោភ័ណ្ឌភាព និងងាយស្រួលក្នុងការ ធ្វើចរាចរណ៍។
ដើម្បីរក្សាបាននូវសោភ័ណ្ឌភាពនៅទីក្រុង ទីប្រជុំជន និងរក្សាបានសុវត្ថិភាពតាមដងផ្លូវសាធារណៈនៅទូទាំងខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង ចុះពិនិត្យគម្រោងការងារជួសជុល ពង្រីកតួផ្លូវក្រាលកៅស៊ូ រៀបចំសួនពុះទ្រូងផ្លូវ ដាក់បង្គោលភ្លើងបំភ្លឺផ្លូវ លើកំណាត់ផ្លូវកោះកែរ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពោលគឺក្នុងគោលបំណង រៀបចំធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវមួយនេះ មានសោភ័ណ្ឌភាពឱ្យកាន់តែល្អប្រសើរ សម្រួល និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូវនេះមានប្រវែងជាង២២៤០ម៉ែត្រ មានទទឹង១៨ម៉ែត្រ មានរៀបចំសួនច្បារ និងដាក់បង្គោលភ្លើងចំកណ្ដាលទ្រូវផ្លូវសរុបចំនួន ៤៥ដើម ប្រើប្រាស់គម្រោងថវិកា ខេត្ត និងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ៕