«រយៈពេល៤៦ឆ្នាំក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំចុងក្រោយ»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សរុបចំនួនជាង ៤០០នាក់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តមបន្តថា សមិទ្ធផលទាំងនេះបានទាញកម្ពុជាចេញពីគំនរផេះផង់ ចេញពីសោកនាដកម្មឈាមនិងទឹកភ្នែកក្នុងសម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ឱ្យក្លាយជាប្រទេសសម្បូរសប្បាយមិនធ្លាប់ដែលមានពីមុន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរដែលត្រូវបានគេកាប់សម្លាប់ស្ទើរតែអស់ពីភពផែនដីទៅហើយនោះ ស្រាប់តែមានភ័ព្វសំណាងបានរស់ឡើងវិញម្តងទៀត និងបានស្តារប្រទេសឡើងវិញឱ្យស្គាល់យុគសម័យទំនើបដូចបច្ចុប្បន្ន។ នេះគឺជាមហាសមិទ្ធផលដែលជាស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តថែរក្សានិងពូនជ្រុំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ែន បូណា កត់សម្គាល់ទៀតថា ក្រុមប្រឆាំងជ្រុលនិយមបាននិងកំពុងព្យាយាមមួលបង្កាច់ លាបពណ៌ ញុះញង់ ដោយបង្កើតព័ត៌មានក្លែងក្លាយយ៉ាងច្រើនចាក់ចូលក្នុងបណ្តាញសង្គមជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបំផ្លាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ហើយអូសទាញប្រទេសទៅរកអតីតកាលខ្មៅងងឹតឡើងវិញ។ ប៉ុន្តែ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានមានទំហំធំធេងណាស់ ដែលគ្មានអ្នកណាអាចបំភ្លៃបានឡើយ ដូចពាក្យចាស់បូរាណពោលថា «គ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងព្រះអាទិត្យបានឡើយ» ពោលគឺ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចអាចត្រឹមយកបាតដៃទៅបាំងភ្នែកខ្លួនឯងកុំឱ្យឃើញពន្លឺព្រះអាទិត្យបាន ប៉ុន្តែមិនអាចបាំងភ្នែកអ្នកដទៃបានទេ។ យ៉ាងណាមិញ ក៏គ្មានអ្នកណាអាចបិទបាំងសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលពីភ្នែករបស់ប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិបានដែរ។ ជាក់ស្តែង អង្គការសហប្រជាជាតិបានទទួលស្គាល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្រេចឱ្យកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា។
ក្នុងន័យនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យក្រុមការងារទទួលបន្ទុកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើការងារបុរេសកម្មឱ្យបានខ្លាំងក្លា ដើម្បីបញ្ជ្រាបសមិទ្ធផលដ៏ធំធេងទាំងនេះដល់ប្រជាពលរដ្ឋ ហើយរួមគ្នាសម្លឹងឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយមោទនភាព។
ឯកឧត្តម សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាអ្នកនាំពាក្យខេត្ត បានកត់សម្គាល់ថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មានជាច្រើននៅលើបណ្តាញ-សង្គមឌីជីថលរបស់ប្រជាពលរដ្ឋក៏កាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅក្នុងបណ្តាញសង្គមទាំងនោះ មានការចែករំលែកនូវមតិយោបល់ សំណួរ សំណូមពរ ព័ត៌មានពិត និងព័ត៌មានមិនពិតដែលធ្វើឱ្យមហាជនមានការពេញចិត្ត មិនពេញចិត្ត យល់ស្រប មិនយល់ស្រប យល់ច្រឡំ និងពិបាកក្នុងការបែងចែកខុសឬត្រូវ អាចទុកចិត្តបាន ឬមិនអាចទុកចិត្តបាន ដែលនេះអាចជាឱកាសមួយសម្រាប់ក្រុមមានគំនិតមិនល្អមួយចំនួនបង្កើតនូវព័ត៌មានមិនពិត ក្នុងគោលបំណងបោកប្រាស់បង្ករភាពវិកវរ ក្នុង សង្គម និងកេងចំណេញផ្នែកនយោបាយជាដើម។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងផ្តល់ជាធាតុចូលដល់លោក លោកស្រី ជាសក្ខាកាមទាំងអស់ទទួលបាននូវឱកាសក្នុងការយល់ដឹងអំពីតួនាទី ភារកិច្ច វិធីសាស្ត្រឆ្លើយតប ជាមួយអ្នកសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន ជាពិសេសនឹងក្លាយខ្លួនជាអ្នកនាំពាក្យប្រចាំអង្គភាព ដែលពោពេញដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាព ប្រសិទ្ធិភាព និងគុណធម៌សម្រាប់បម្រើដល់ឧត្តមប្រយោជន៍ជូនសង្គមជាតិទាំងមូល និងជាចំណែកនៃការចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕



















