បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

…………………….

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាល ជូនជនរួមជាតិជ្រាបដូចតទៅ៖

ទី១៖ វីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ គ្រួសារវីរយុទ្ធជនពលី រងរបួស និងអតីតយុទ្ធជន ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ៖ 

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក៏ដូចជាក្នុងខេត្តក្រចេះកាលពីថ្ងៃទី៦ ខែកក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានណែនាំអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសាររបស់វីរយុទ្ធជន ដែលកំពុងឈរជើងការពារទឹកដី គ្រួសារយុទ្ធជនពលី រងរបួស និងអតីតយុទ្ធជន។

សម្តេចតេជោតែងតែលើកបង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជនដែលបានយកជីវិតទៅពាំងការពារជាតិ មាតុភូមិ និងប្រជាជន។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតបស្នងសងគុណដល់ពួកគេ តាមរយៈការយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់វីរយុទ្ធទាំងអស់ឱ្យបានល្អ ដើម្បីកុំឱ្យពួកគេព្រួយបារម្ភចំពោះក្រុមគ្រួសារ។ នេះមិនមែនជាលើកទីមួយទេដែលសម្តេចតេជោបានណែនាំដូច្នេះ ប៉ុន្តែ នៅគ្រប់វេទិកាសំណេះសំណាលដែលសម្តេចបានចុះធ្វើជាបន្តបន្ទាប់ សម្តេចតេជោ តែងតែដាស់តឿនក្រើនរម្លឹកដល់អាជ្ញាធរគ្រប់ទិសទីឱ្យយកចិត្តទុកដាក់មើលថែគ្រួសារវីរយុទ្ធជនជួរមុខ វីរយុទ្ធជនពលី រងរបួស និងអតីតយុទ្ធជន មិនដែលអាក់ខានម្តងណាឡើយ។

ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានយកចិត្តទុកដាក់ដូចគ្នាដែរ។ សម្តេចក៏បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយគាំពារដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសាជាថ្មី និងការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីសារសំខាន់នៃការកសាងហេដ្ឋរចនាសម្ព័ន្ធ (ផ្លូវនិងស្ពាន) ដែលរាជរដ្ឋាភិបាលបានខិតខំកសាងតាំងពីជំនាន់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី រហូតដល់បច្ចុប្បន្នក្រោមអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន។ សម្តេចធិបតីគូសបញ្ជាក់ថា ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់សរសៃឈាមដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរបានល្អទាំងសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ។   ប្រសាសន៍បែបនេះបានធ្វើឡើងនាឱកាសដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅកាន់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦នេះ។

សម្តេចគូសរំលេចថា កំណាត់ផ្លូវជាតិលេខ៧នេះ ក៏ជាចំណុចតភ្ជាប់ដ៏សំខាន់ទៅកាន់ផ្លូវជាតិជាច្រើនទៀតដែលជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន។ សម្តេចក៏បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវត្រូវចូលរួមថែរក្សាផ្លូវពីព្រោះវាជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តថែរក្សាសុខសន្តិភាព និងសមិទ្ធផលធំៗទាំងឡាយដែលថ្នាក់ដឹកនាំជំនាន់មុនបានសាងឡើង និងបន្តការអភិវឌ្ឍន៍គ្រប់វិស័យដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ នេះគឺជាប្រពៃណីដឹកនាំ និងការបន្តវេនប្រកបដោយនិរន្តរភាពរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា។

ទី៣៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ អ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យស្ថានភាពជាក់ស្តែង ពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនជាឯកតោភាគីពីសំណាក់យោធាថៃ ដែលស្ថិតនៅកៀកបង្គោលព្រំដែនចន្លោះលេខ ៥២-៥៤ និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ។

បន្ទាប់ពីបានទទួលព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្ន ដែលបានអនុវត្តដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ អ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជាក៏បានចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃ បានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែន ៥២-៥៩ ទៀត។ សូមគូសបញ្ជាក់ថា កម្ពុជាបានតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃរួចហើយ ដោយសារសកម្មភាពនេះប៉ះពាល់ទៅដល់នីតិវិធីទ្វេភាគីដែលមានស្រាប់ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) នៃភាគីទាំងពីរ។ ក្នុងន័យនេះហើយ ដែលកម្ពុជាបានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុតដើម្បីដោះស្រាយបញ្ហានេះ។

ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍ (AOT) ចុះទៅកាន់ទីនោះមានគោលបំណងឱ្យពួកគេបានទទួលព័ត៌មានទូលំទូលាយដោយផ្អែកលើការសង្កេតផ្ទាល់អំពីស្ថានភាពនៅតំបន់ព្រំដែន និងបានយល់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងការប្រើប្រាស់យន្តការទ្វេភាគី ដែលមានជាធរមាន ជាពិសេសគឺគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ៕