០៧:០០ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥
ដូចបានជំរាបជូនជាបន្តបន្ទាប់រួចមកហើយថា នៅក្នុងដំណាក់កាលនៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ កម្ពុជាគោរពកិច្ចព្រមព្រៀងនេះយ៉ាងខ្ជាប់ខ្ជួនប្រកបដោយការអត់ធ្មត់ខ្ពស់។ តាមរយៈដំណើរបំពេញបេសកកម្មចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូកនៅទីក្រុងធានជីង ប្រទេសចិនពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេដឹកនាំនៃបណ្តាប្រទេសដែលបានចូលរួមព្រឹត្តិការណ៍នោះ រាប់ទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងបានសម្តែងការគាំទ្របទឈប់បាញ់នេះដែលខ្ញុំសូមលើកឡើងដូចតទៅ៖
អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម António Guterres បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំលើជម្លោះព្រំដែនកម្ពុជាថៃ និងបានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពនៃប្រទេសទាំងពីរ និងបានជំរុញឱ្យស្ថានវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញនាពេលឆាប់ៗខាងមុខ។ ការបញ្ជាក់ជំហរបែបនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុងធានជីង ប្រទេសចិនកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥។
អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានទទួលយកសំណើក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ ឯកឧត្តម António Guterres សុំឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលមានជាធរមាន ព្រមទាំងសន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។
ក្នុងជំនួបទ្វេភាគីដាច់ដោយឡែកមួយទៀត ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានបញ្ជាក់ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀតពីជំហររបស់ចិនក្នុងការគាំទ្របទឈប់បាញ់ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី ហើយឯកឧត្តមប្រធានាធិបតីចង់ឃើញការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ឱ្យបានឆាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះចិនសម្រាប់ការបំពេញតួនាទីគន្លឹះនិងការចូលរួមយ៉ាងសកម្មក្នុងដំណើរការសន្តិភាពនៃជម្លោះព្រំដែនកម្ពុជាថៃ ដែលនាំឱ្យមានការវិវឌ្ឍន៍ជាវិជ្ជមានឆ្ពោះទៅរកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធី។ ប្រធានរដ្ឋឡាវ ឯកឧត្តម ថងលូន ស៊ីសូលីត ក៏បានគាំទ្របទឈប់បាញ់នេះហើយជំរុញភាគីទាំងពីររក្សាភាពអត់ធ្មត់ខ្ពស់ដើម្បីអនុវត្តបទឈប់បាញ់នេះឱ្យបានពេញលេញផងដែរ។
សូមបញ្ជាក់ជូនថា កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងពុត្រាចាយ៉ាដែលមានម៉ាឡេស៊ីជាម្ចាស់ផ្ទះ និងសហរៀបចំដោយសហរដ្ឋអាមេរិក និងដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិក៏ដូចជាសណ្តាប់ធ្នាប់ពិភពលោក កម្ពុជាបានគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងខ្ជាប់ខ្ជួន ដោយផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការងារការទូតនិងកិច្ចពិភាក្សាគ្នាជាមួយភាគីថៃក៏ដូចជាភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
គោលជំហរដ៏ជាក់លាក់របស់ថ្នាក់ដឹកនាំកម្ពុជា គឺការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីដោយរក្សាបាននូវសុខសន្តិភាពព្រមពេលជាមួយគ្នា។ នេះគឺជាស្មារតីនៃនយោបាយឈ្នះឈ្នះដែលជាស្នូលនៃបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ស្មារតីប្រកបដោយសន្តិភាពនិយមនេះកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីថ្នាក់ដឹកនាំពិភពលោក៕