បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបនូវព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖

ទី១៖ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ អមដំណើរសម្តេចតេជោក្នុងទស្សនកិច្ចនេះរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណបក្សព្រមទាំងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិនិងរាជរដ្ឋាភិបាលមួយចំនួនទៀត។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន និងឯកឧត្តមចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ សម្តេចតេជោក៏នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅទីក្រុងប៉េកាំង។

ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មីឱ្យកាន់តែជោគជ័យបន្ថែមទៀត។ នេះគឺជាបេសកកម្មការទូតដ៏សំខាន់១ទៀតរបស់ថ្នាក់ដឹកនាំកម្ពុជានៅលើឆាកអន្តរជាតិដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។

ទី២៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីន កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បេសកកម្មសង្កេតការណ៍នេះធ្វើឡើងនៅទីតាំងដែលទទួលរងការវាយប្រហារ ការរាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រដើម្បីកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដែលបានរារាំងប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ បេសកម្មនេះក៏ដើម្បីពិនិត្យមើលការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ កម្ពុជាក៏តែងតែស្វាគមន៍បណ្តាប្រទេសជាមិត្តដែលមានបំណងចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា នៅស្ទើរតែគ្រប់វេទិកាជាតិនិងអន្តរជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែបញ្ជាក់ជំហររបស់កម្ពុជាដែលវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់។ កម្ពុជាស្វាគមន៍ហ្វីលីពីនដែលបានទទួលតំណែងជាប្រធានអាស៊ានបន្ដពីម៉ាឡេស៊ី និងផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹងដល់តួនាទី និងអាណត្តិរបស់ AOT ។ រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការនានាដែលបានព្រមព្រៀងគ្នា។

ការឯកភាពគ្នាអំពីតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន មានចែងក្នុងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាក់ស្តែង ចំណុច ១២ ចែងថា៖ «ភាគីទាំងពីរទទួលស្គាល់តួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន»។ រីឯចំណុច ១៣ ចែងថា៖ «ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន, គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង, ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំក្រោមការសង្កេតនិងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍(AOT)»។

ដើម្បីបន្តនិរន្តរភាពនិងសុពលភាពនៃបេសកកម្មសង្កេតការណ៍និងផ្ទៀតផ្ទាត់ការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហ្វីលីពីន ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ក៏បានដឹកនាំបេសកកម្មសង្កេតការណ៍នេះបន្តពីប្រទេសម៉ាឡេស៊ី។ កម្ពុជាសូមថ្លែងអំណរគុណចំពោះម៉ាឡេស៊ី និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសហ្វីលីពីន ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទីក្នុងនាមប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ឆ្នាំ២០២៦ ដោយអនុលោមតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងអរគុណបណ្តាប្រទេសសមាជិកអាស៊ានដែលបានចូលរួមក្នុងដំណើរការសង្កេតការណ៍នេះដែលធ្វើឱ្យបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ AOT ប្រព្រឹត្តទៅដោយរលូន និងជាសាក្សីដ៏សំខាន់ក្នុងការអនុវត្តបទឈប់បាញ់ ក៏ដូចជារាល់ចំណុចទាំងអស់ដែលកម្ពុជានិងថៃបានឯកភាពគ្នា៕