អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

បទអន្តរាគមន៍ដោយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

០៧:០០ ព្រឹកថ្ងៃទី៣១ ខែសីហា ២០២៥

សូរគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់រយៈពេលជាងមួយខែហើយពោលគឺចាប់តាំងបទឈប់បាញ់ចូលជាធរមាននាពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ខ្ញុំសូមបញ្ជាក់ជូនម្តងទៀតថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះកើតឡើងដោយគំនិតផ្តួចផ្តើមនិងសម្របសម្រួលដោយផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុងពុត្រាចាយ៉ា ដែលមានប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានប្តូរវេនអាស៊ានធ្វើជាម្ចាស់ផ្ទះ និងក៏មានការចូលរួមយ៉ាងសកម្មពីប្រទេសចិន។

ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានមក រាល់វិនាទី រាល់នាទី រាល់ម៉ោងនិងរាល់ថ្ងៃ យើងអាចទប់ស្កាត់មិនឱ្យមានមនុស្សស្លាប់ របួសនិងមិនឱ្យមានការខូចខាតថ្មីទៀតកើតឡើងទាំងផ្នែកយោធានិងស៊ីវិល។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលខិតខំគោរពកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់ពីព្រោះថ្នាក់ដឹកនាំរបស់យើងផ្តល់តម្លៃយ៉ាងខ្ពស់ដល់ជីវិតមនុស្សនិងសុខសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាលមិនដែលធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយចំពោះការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ សូមកត់សម្គាល់ថា ពេលដែលបទឈប់បាញ់ចូលជាធរមាន ការផ្ទុះអាវុធមិនមែនជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាទៀតឡើយ ផ្ទុយទៅវិញ បើមានការផ្ទុះអាវុធជាយថាហេតុណាមួយ ភាគីបង្ករនឹងក្លាយជាអ្នកបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញសន្តិភាព និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងខាងការទូតទាំងឡាយដែលបានធ្វើកន្លងមកទាំងស្រុង ហើយមិនត្រឹមតែបាត់បង់ការគាំទ្រពីអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែ ប្រទេសនោះនឹងត្រូវគេដាក់ឱ្យទទួលខុសត្រូវចំពោះសោកនាដកម្មទាំងឡាយដែលកើតមាន។

ហេតុដូច្នេះហើយបានជាក្នុងដំណាក់កាលអនុវត្តបទឈប់បាញ់ សមរភូមិប្រដាប់អាវុធត្រូវបានបង្វែរមកជាសមរភូមិការទូត និងការពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធីវិញ។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃ(RBC) ដែលបានបើកធ្វើជាបន្តបន្ទាប់កន្លងទៅថ្មីៗនេះ និងគំរោងធ្វើបន្តទៀតនៅពេលឆាប់ៗខាងមុខ គឺជាឧទាហរណ៍ស្រាប់។

ក្រៅពីកិច្ចប្រជុំទាំងនោះ សកម្មភាពការទូតក៏បានធ្វើឡើងយ៉ាងមមាញឹកដែលមានដូចជា ការរៀបចំដំណើរបេសកកម្មរបស់អង្គទូត និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន(IOT= Interim Observers Team) ដែលមានសមាសភាពជាអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាជាច្រើនលើកទៅកាន់តំបន់ព្រំដែនដែលមានជម្លោះនិងទីតាំងដែលរងការខូចខាត។ ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា ថៃ និងម៉ាឡេស៊ី។ ការរៀបចំកិច្ចប្រជុំជាមួយអង្គទូតនានាប្រចាំកម្ពុជាត្រូវបានរៀបចំធ្វើជាច្រើនលើក ខណៈដែលជំនួបជាច្រើនទៀតត្រូវបានរៀបចំឡើងនៅឯក្រៅប្រទេសដើម្បីបង្ហាញការពិតឱ្យសហគមន៍អន្តរជាតិបានដឹង។

ការតវ៉ានិងកំណត់ទូតទៅកាន់ភាគីថៃ និងភាគីពាក់ព័ន្ធ ក៏ត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសារ។ ចំណែកថ្នាក់ដឹកនាំកំពូលរបស់យើងវិញ មិនថានៅក្នុងឬក្រៅប្រទេសតែងតែធ្វើការងារការទូតយ៉ាងសកម្មបំផុតពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ។ និយាយដោយខ្លី គ្រប់មធ្យោបាយការទូតនិងច្បាប់អន្តរជាតិត្រូវបានធ្វើឡើងយ៉ាងសកម្ម។

ខ្ញុំសូមបញ្ជាក់ជូនថា ដំណោះស្រាយបញ្ហាព្រំដែនត្រូវឈរលើយន្តការបច្ចេកទេសនិងច្បាប់ដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលភាគីទាំងពីរព្រមព្រៀងគ្នា។ មិនអាចមានភាគីណាមួយកំណត់ព្រំដែនជាឯកតោភាគីបានឡើយ។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលផ្តោតខ្លាំងលើសកម្មភាពការទូតនិងច្បាប់អន្តរជាតិដែលជាជម្រើសដ៏ល្អបំផុតពីព្រោះជម្រើសនេះអាចឱ្យយើងការពារបូរណភាពទឹកដីផងនិងការពារសន្តិភាពផង៕

សូមអរគុណ