អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលជាង៤៥០នាក់

ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលB នៃសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរដ្ឋបាលខេត្ត មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាននិងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបជាង ៤៥០នាក់។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៥ រួមមាន៖ ទី១.ពង្រឹងការយល់ដឹងពីតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យប្រកបដោយជំនាញនិងវិជ្ជាជីវៈ ទី២.ក្លាយខ្លួនជាអ្នកនាំពាក្យប្រកបដោយគុណវុឌ្ឍិ គុណភាព និងគុណធម៌ ទី៣.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ទី៤.ពង្រឹងការយល់ដឹងពីរបៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន និង ទី៥.ចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិប្រកបដោយការរីកចម្រើននិងចីរកាល។

សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នេះ សហការរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្តាល។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបន្តចុះរៀបចំវគ្គបណ្តុះបណ្តាលនៅតាមបណ្តាខេត្តផ្សេងៗទៀត ជាបន្តបន្ទាប់៕