អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាប ជាមួយអគ្គនាយក នៃអគ្គនាយកដ្ឋានផែនការ នៅសាលាខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានអនុញ្ញាតឲ្យប្រតិភូក្រសួងផែនការ ដឹកនាំដោយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ ចូលជួបពិភាក្សាការងារកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋគ្រួសារក្រ១ និង ក្រ២ នៅសាលាខេត្តសៀមរាប ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ថេង បញ្ញាធន បានបញ្ជាក់អំពីគោលបំណងរបស់ក្រសួងផែនការ គឺ ដើម្បីធ្វើការផ្សព្វផ្សាយដល់ឲ្យអាជ្ញាធរក្រុង ស្រុក មេឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់អំពីដំណើរការ និងនីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្ត តាមការស្នើសុំ ក្នុងអំឡុងពេលប្រឆាំងនឹងជម្ងឺកូវីដ១៩ និងឲ្យចេះប្រើប្រាស់ឧបករណ៍” ថាប្លេត ” ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ។ ឯកឧត្តមបានបន្តទៀត ការធ្វើអត្តសញ្ញាណកម្មនេះ គឺត្រូវពិនិត្យមើលទៅលើគ្រួសារក្រីក្រនៅមូលដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ជនបទ ត្រូវស្រង់ស្ថិតិគ្រួសារក្រ១ និងក្រ២ ឲ្យបានមុនដំណាច់ខែ ឧសភានេះ ចំពោះប្រជាពលរដ្ឋក្នុងក្រុង ហើយតាមបណ្តាស្រុកឲ្យបាននៅដំណាច់ខែមិថុនា ឆ្នាំ២០២០ខាងមុខផងដែរ ។ ការអនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងត្រូវបន្ដខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ។ ក្នុងនោះដែរឯកឧត្តមប្រតិភូ ក៏បានលើកសំណូមពរមួយចំនួន ទៅកាន់ឯកឧត្តមអភិបាលខេត្ត ដើម្បីសហការ និងជម្រុញដល់អាជ្ញាធរគ្រប់ថ្នាក់ឲ្យអនុវត្តធ្វើអត្តសញ្ញាណកម្ម នៅក្នុងខេត្ត ឲ្យដំណើរការទៅដោយរលូន និងទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ។
ឯកឧត្តម ទៀ សីហា ក៏បានឯកភាពទៅលើគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ ចំពោះជីវភាពប្រជាពលរដ្ឋក្រីក្រ សំខាន់ក្នុងឱកាសដែលប្រទេសកំពុងជួបវិបត្តិកូវិដ១៩ ។ ឯកឧត្តម ក៏បានលើកផងដែរថា ឆ្លងតាមកិច្ចប្រជុំរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការពិភាក្សាទៅ លើការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ប្រភេទ(ក្រ១ ,ក្រ២) និង ផ្តោតទៅលើប្រភេទ(ក្រ៣)ផងដែរ នៅពេលដែលកម្ពុជាយើង ជួបនូវវិបត្តិកូវិដ១៩នេះ ។ ឯកឧត្តមអភិបាលខេត្ត បានធ្វើការគាំទ្រ អំពីនីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលក្រសួងផែនការបានលើកឡើង ដោយខេត្តមានមន្ទីរផែនការ ជាសេនាធិការរបស់ខេត្ត ក្នុងការងារនេះទៀតផង។ ឯកឧត្តម ក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានឆ្លងផុតប្រភេទ( ក្រ១,ក្រ២) នាពេលកន្លងមក ក្នុងពេលដែលមានវិបត្តិកូវិដ ១៩ គ្រួសារទាំងនោះ ត្រូវបានធ្លាក់ចូលប្រភេទ( ក្រ១,ក្រ២)សាជាថ្មី ព្រមទាំងប្រភេទ (ក្រ៣) ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋានមានការ ព្រួយបារម្ភ ក្នុងការផ្តល់ជូនបងប្អូនជាគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ៕