អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ក្រុមប្រឹក្សាខេត្តកំពតបើកកិច្ចប្រជុំសាមញ្ញលើកទី១៣អាណត្តិទី ៣

នៅព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តកំពតបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣អាណត្តិទី៣
ដោយមានការចូលរួម តាមរយៈការតភ្ជាប់ សំលេងនិងរូបភាព(video conference )ពីបណ្ដារដ្ឋបាលក្រុងស្រុកនិងមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត ដែលមានសមាជិកក្រុមប្រឹក្សាខេត្តចូលរួមសរុបចំនួន២៥រូប ។
កិច្ចប្រជុំបន្ទាប់ពីបានពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ៗ ពាក់ព័ន្ធលើកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី ១២ របស់ក្រុមប្រឹក្សាខេត្ត របាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែឧសភាឆ្នាំ២០២០ ការអនុម័តលើសេចក្ដីណែនាំស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តឆ្នាំ២០២១-២០២៣ និងការផ្សព្វផ្សាយលិខិតរបស់ក្រសួងមហាផ្ទៃស្ដីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌរួចមក។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងការគាំទ្រឯកភាព កោតសរសើរវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ ដែលរដ្ឋបាលខេត្តកំពត និងបណ្ដាក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត ដែលអនុវត្ត រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈម សំណូមពរ តម្រូវការនៅក្នុងមូលដ្ឋានទៅតាមជំនាញ និងដែនសមត្ថកិច្ចយ៉ាងល្អប្រសើរ ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសំណូមពរស្នើឲ្យ គណៈអភិបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បន្តជំរុញអនុវត្តការងារនៅសេសសល់បន្ថែមទៀត ពិសេស បញ្ហា ប្រឈម សំណូមពរ តំរូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងដំណាក់កាលជួបស្ថានភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ ដែលជាជំងឺឆ្លងសកល។
ក្នុងឱកាសនោះដែរ ឯកឧត្តមជាវ តាយ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាខេត្ត ដែលតែងតែបានចូលរួមលើកជាមតិយោបល់គាំទ្ររាល់គម្រោងអភិវឌ្ឍរបស់ខេត្ត ដើម្បីធ្វើឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញ បានធ្វើការអភិវឌ្ឍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋទាំងនៅទីក្រុង និងមូលដ្ឋានជនបទបានល្អប្រសើរ។ ជាមួយឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រង អនុវត្តតួនាទី ភារកិច្ចតាមជំនាញនិងដែនសមត្ថកិច្ចខ្លួនបន្ថែមទៀតប្រកបដោយគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នរបស់ខ្លួន ឲ្យបានស្របទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។