អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ក្រុមហ៊ុនចិនចំនួន២ បង្ហាញពីការសិក្សាគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជូនដល់អភិបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុនចំនួន២ មកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាបន្ថែមពីឱកាសវិនិយោគ និងជម្រាបពីជំនាញបច្ចេកទេសរបស់ក្រុមហ៊ុននីមួយៗ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណ:ខេត្ត ទេសចរណ៍ វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្តមួយនេះ កំពុងអនុវត្តន៍គម្រោងអភិវឌ្ឍន៍ និងស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទីតាំងនៅក្នុងខេត្ត ។

លោក សំរិទ្ធ ឌីម៉ង់ តំណាងក្រុមហ៊ុន ស៊ូ មេក និង ស៊ីង ស៊ីង ប្រចាំប្រទេសកម្ពុជា បង្ហាញថា ក្រុមហ៊ុនរបស់លោក ធ្លាប់បានដេញថ្លៃបានគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា ចាយកា(JICA) និងកំពុងដំណើរការគម្រោងរយ:ពេល២ឆ្នាំមកហើយ ក្នុងនោះខេត្តសៀមរាប ក្រុមហ៊ុនកំពុងអនុវត្តន៍គម្រោង ប្រព័ន្ធទឹកស្អាត ដោយប្រើប្រាស់ប្រភពទឹកពីបឹងទន្លេសាប និងអាចផលិតទឹកស្អាតបានប្រមាណ៦ម៉ឹន៦ពាន់ម៉ែត្រគូប/១ថ្ងៃ។

លោក សំរិទ្ធ ឌីម៉ង់ បានបញ្ជាក់ដែរថា ក្រៅពីគម្រោងក្នុងខេត្តសៀមរាប ក្រុមហ៊ុនកំពុងសិក្សារៀបចំប្រព័ន្ធទុយោទឹកក្រោមដី នៅភ្នំពេញផងដែរ។ ទន្ទឹមនឹងរៀបចំប្រព័ន្ធទឹក ក្រុមហ៊ុន ក៏មានជំនាញជាច្រើនទៀតដូចជា ការងារសំណង់ តម្លើងចរន្តអគ្គិសនីខ្នាតធំ ទំនប់ទឹក ជាដើម។
តាមរយៈបទពិសោធរបស់ក្រុមហ៊ុន ទាំង២ ឯកឧត្តម អភិបាលខេត្ត បានចាប់អារម្មណ៍លើគម្រោងជាច្រើនរបស់ក្រុមហ៊ុនទាំងពីរ។ ទន្ទឹមនោះ ឯកឧត្តម តែងតែបានគិតគូរ ចំពោះបញ្ហាទឹកស្អាត ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកទាំង១១ ដែលភាគច្រើនពុំមានប្រភពទឹកដែលអាចប្រើបានទាំងរដូវប្រាំង និងវស្សា រីឯទឹកអណ្ដូងមានការខ្វះខាតនៅរដូវប្រាំងជាដើម។

ឯកឧត្តម អភិបាលខេត្ត រំពឹងថា JICA នឹងមានគម្រោងប្រព័ន្ធទឹកស្អាតនៅតាមបណ្ដាស្រុកបន្តទៀត ដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមជនបទ។ ក្នុងនោះ ឯកឧត្តម ក៏បានស្នើដល់ក្រុមហ៊ុនទាំងពីរ សិក្សាពីលទ្ធភាពក្នុងការរួមចំណែកជួយអភិវឌ្ឍ ក៏ដូចជាផ្ដល់បច្ចេកវិទ្យាទំនើបៗ បន្ថែមទៀតដល់ខេត្តសៀមរាប៕

Loading