អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ថ្នាក់ដឹកនាំខេត្តកំពតចុះត្រួតពិនិត្យ និងសម្របសម្រួលការអនុវត្តគម្រោងស្តារឡើងវិញប្រឡាយមេ ស្ថិតនៅភូមិត្រពាំងរាំង ឃុំតានី ស្រុអង្គរជ័យ

នៅរសៀល ថ្ងៃ អង្គារ ៤រោច ខែ ជេស្ឋ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្វែងយល់ និងសម្របសម្រួល ការអនុវត្តគម្រោងស្តារឡើងវិញប្រឡាយមេ ស្ថិតនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីជំរុញការអនុវត្តគម្រោងនេះ ទទួលបានជោគជ័យតាមលទ្ធផលគ្រោងទុក ។

សូមបញ្ជាក់ដែរថា៖ គម្រោងស្តារឡើងវិញប្រឡាយមេ មួយខ្សែនេះ គឺជាគម្រោងដែលប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម ដែលបានចាប់ដំណើរការស្ដារឡើងវិញតាំងពីឆ្នាំ ២០១៨ ។ ប្រឡាយនេះមានប្រភពចេញពីអាងទំនប់ទឹកខ្ពបត្របែក ឆ្លងកាត់ឃុំចំនួន៦ឃុំនៃស្រុកអង្គរជ័យ មានប្រវែង ១៧,៦គីឡូម៉ែត្រ មាត់លើប្រវែង១៣ ម៉ែត្រ ជម្រៅ ៣ម៉ែត្រ បាតក្រោម៤ម៉ែត្រ អាចមានសក្ដានុពលស្រោចស្រពលើផ្ទៃដីកសិកម្ម ប្រមាណ១.៥៩៨ ហិកតា។ គម្រោងនេះអនុវត្តជាបួនដំណាក់កាល ដោយឡែកមកដល់ពេលបច្ចុប្បន្នបានអនុវត្តចប់ដំណាក់កាលទី៣ និងបន្តអនុវត្ត ដំណាក់កាលទី៤ ឆ្នាំ២០២១ មានប្រវែង ៥៦៣ ម៉ែត្រ ដោយមានជាប់
ពាក់ព័ន្ធនឹងផ្ទះរបស់ប្រជាពលរដ្ឋរស់នៅលើខ្នងប្រឡាយ ចំនួន១៨ គ្រួសារ ដែលទាមទារឲ្យមានការសម្របសម្រួលដោះស្រា។

ជាលទ្ធផលនៃសម្របសម្រួលរបស់ ឯកឧត្តមអភិបាលខេត្ត ប្រជាពលរដ្ឋ បានចូលរួមទទួលយកការ សម្របសម្រួល និងយល់ព្រមបរិច្ចាគដីធ្លីរបស់ពួកគាត់ ដើម្បីឲ្យការអនុវត្តគម្រោងបានសម្រេចលទ្ធផលឆាប់ៗនាពេលខាងមុខនេះ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការបោះបង្គោលកំណត់ព្រំប្រឡាយឲ្យច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ និងចូលរួមសហការ ព្រមទាំងបានណែនាំឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋាន ចូលរួមសហការសម្របសម្រួលជាមួយអ្នកជំនាញធ្វើយ៉ាងណាអោយការអនុវត្តគម្រោងស្តារប្រឡាយនេះបានសម្រេចលទ្ធផលជោគជ័យ ។ នាឱកាសនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានឧបត្ថម្ភថិវកា ជូនដល់កងកម្លាំង និងប្រជាពលរដ្ឋចំនួន ៩០០.០០០រៀល៕