អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

នាយឧត្ដមសេនីយ៍ មាស សុភា បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រះវិហារ អញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវស្ពានដែកបាឡេមួយកន្លែង ដែលទើបត្រូវ បានសាងសង់រួច

ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាល ចុះជួយខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រះវិហារ អញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវស្ពានដែកបាឡេមួយកន្លែង ដែលទើបត្រូវ បានសាងសង់រួច និងក្រោយស្ពានឈើ១ខ្សែនេះ បានរងការឆេះភ្លើងព្រៃ កាលពីច្រើនខែ ក្នុងឆ្នាំ២០២០ កន្លងទៅនេះ។
នៅថ្ងៃទី៥កក្កដាឆ្នាំ២០២០ ស្ពានឆ្លងស្ទឹងស្តៅ ត្រូវបានបើកដាក់អោយដំណើរការឆ្លងកាត់ ក្រោមការ អញ្ជើញជាកិត្តិយស ពីនាយឧត្តមសេនីយ៍ មាស សុភា, មន្ត្រីជាន់ខ្ពស់អមដំណើរ និងមានការអញ្ជើញចូលរួម ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ, ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ, អភិបាលរង ខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សំ លាងទ្រី មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា ស្ពានមួយខ្សែដែលឆ្លងកាត់ដងស្ទឹងមួយ កន្លែងនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ខេត្តព្រះវិហារ ហើយស្ពាននេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់បម្រើដល់វិស័យសាធារណៈ និងបម្រើសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញចូល ការប្រកបរបរកសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន ជាពិសេស ការធ្វើដំណើរនៅក្នុងរដូវវស្សា លែងជួបការលំបាក ដូចពេលមុនទៀតហើយ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ពាន គឹជាសរសៃឈាម សម្រាប់តភ្ជាប់ ដង្ហើមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ដូច្នេះ បើមានផ្លូវ មានស្ពាន គឺមានសង្ឃឹមជានិច្ច។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីទទួល បានចំណងដៃស្ពានថ្មីនេះហើយ ត្រូវធ្វើយ៉ាងណា ចូលរួមការពារ និងថែរក្សា ដើម្បីប្រើប្រាស់ស្ពាននេះ ឲ្យស្ថិតនៅគង់វង្សបានយូរអង្វែង។ លោកថា អ្នកប្រើប្រាស់ផ្លូវ ក៏មិនត្រូវដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិត កំណត់នោះដែរ និងត្រូវចូលរួមអនុវត្តតាមការណែនាំ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឲ្យបាន ត្រឹមត្រូវ ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងអោយដឹងថា ការស្ថាបនាស្ពាននេះឡើង បានចំណាយពេលវេលាយ៉ាងឆាប់រហ័សបំផុត ដោយគិតចាប់ពីថ្ងៃសាងសង់ ស្ពានដែកបាឡេក្រាលឈើមួយនេះ មានរយះពេលតែត្រឹមជាង ៣ខែប៉ុណ្ណោះ សម្រេចរួចរាល់ជាស្ថាពរ ដោយចំណាយថវិកាសប្បុរសជនសុទ្ធសាធ និងមន្ទីរមិនបានចំណាយថវិការដ្ឋនោះឡើយ ។ លោកបន្តថា ស្ពាននេះជាប្រភេស្ពានបាឡេ មានបណ្តោយប្រវែង ៤៨ម៉ែត្រ និងទទឹង ៤ម៉ែត្រកន្លះ បានស្ថាបនាឆ្លងកាត់ ដងស្ទឹងស្តៅ អនុវត្តការសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ហើយស្ពាននេះ បានតភ្ជាប់ពី ត្រើយខាងលិច ទៅត្រើយខាងកើត និងបានតភ្ជាប់ពីភូមិសុច ទៅកាន់ភូមិត្រពាំងធ្លក ភូមិតាបស និងឆ្ពោះទៅកាន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលគ្រប់គ្រង និងអភិរក្សដោយ លោក បេន ដេវីស ជាជនជាតិអាមេរិកកាំង ស្ថិតនៅក្នុងឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ លោក សំ លាងទ្រី បានបញ្ជាក់ ថា ស្ពានឆ្លងស្ទឹងស្តៅនេះ កាលដើមឡើយ គឺជាប្រភេទស្ពានឈើដែលចាស់ទ្រុឌទ្រោម ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាននោះ ស្ទើរតែមិនអាចធ្វើដំណើរថ្មើជើងបាននោះទេ។ លោកថា អ្នកធ្វើដំណើរតាមម៉ូតូ ឬរថយន្ត ត្រូវបើកវាងស្ពានដ៏ចំណាស់មួយនេះ ប៉ុន្តែ ស្ពាននេះបានរងការឆាបឆេះដោយភ្លើងព្រៃ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ រងការខូចខាតអស់ទាំងស្រុង។
ប្រជាពលរដ្ឋរស់នៅឃុំស្តៅ ស្រុកសង្គមថ្មី បានសម្តែងការសាទរ និងរីករាយ ក្រោយទទួលបាន ស្ពានដែកបាឡេ ដែលជាសមិទ្ធផលថ្មី សម្រាប់ឆ្លងកាត់ និងដឹកជញ្ជូនភោគផលដំណាំ ជាពិសេស សម្រាប់ សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព បានយ៉ាងឆាប់ រហ័ស ជាដើម ។ល។ ពួកគាត់ថា ចាប់ពីពេលនេះទៅ ពួកគាត់លែងព្រួយបារម្ភ ចំពោះការធ្វើដំណើរឆ្លង កាត់ស្ទឹងស្តៅនេះទៀតហើយ ព្រោះត្បិត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុក បានគិតគូពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយបានជួយសាងសង់ស្ពានថ្មី ជំនួសស្ពានដែលចាស់ទ្រុឌទ្រោម និងត្រូវបានភ្លើងព្រៃឆាបឆេះអស់ ក្នុងពេលកន្លងទៅនេះ បានធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ។ ប្រជាពលរដ្ឋ បានអរគុណ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងបានជួយសម្រួល ដល់ការលំបាករបស់ពួកគាត់ នៅក្នុងគ្រប់កាលៈទេសៈ មិនតែប៉ុណ្ណោះ ពួកគាត់បានប្តេជ្ញា ចូលរួមការពារស្ពាននេះ អោយស្ថិតនៅគង់វង្សជារៀងរហូត៕

Loading