អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

ថ្ងៃចន្ទ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០១៩និងលើកទិសដៅ ការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មជនពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក-លោកស្រី ប្រតិភូនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំង មេប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ជាមួយនឹងលទ្ធផល ឆ្លើយតបក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយឧប្បត្តិហេតុផ្សេងៗបានទាន់ពេលវេលានិងមានប្រសិទ្ធភាពក្នុងរយៈពេលសកម្មភាពការងារឆ្នាំ២០១៩ កន្លងទៅ ក្រោមការណែនាំយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធបណ្ឌិតបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា រួមនិងការខិតខំរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន ព្រះសង្ឃនិងអ្នកពាក់ព័ន្ធនានាដែលបាន ចូលរួមជួយ ឧបត្ថម្ភគាំទ្រ។
ឯកឧត្តមជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ថ្នាក់ខេត្ត សប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ និងដើម្បីបន្តយន្តការ ការងារឆ្នាំ២០២០របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឲ្យមានការឆ្លើយតបនិងមានប្រសិទ្ធភាពថែមទៀតនោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តក៏បានដាក់ចេញនូវ ទិសដៅ សំខាន់ក្នុងការដឹកនាំ ណែនាំ សម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងខេត្តកំពតរួមនិងអ្នកពាក់ព័ន្ធក្នុងការជួយអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរង់គ្រោះដោយឧបទ្ទវហេតុផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ថែមទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងការកោតសរសើរដល់អាជ្ញាធរ គ្រប់ថ្នាក់ គ្រប់ផ្នែក នៃរដ្ឋបាលខេត្តកំពត អ្នកពាក់ព័ន្ធក្នុងការជួយអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋដែលរង់គ្រោះដោយឧបទ្ទវហេតុផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព នារយៈពេលកន្លងទៅ និងបានផ្ដាំផ្ញើ ដល់អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ គ្រប់ថ្នាក់ គ្រប់ផ្នែកបន្តយកចិត្តទុកដាក់ក្នុងការត្រៀមបង្ការ ឆ្លើយតប ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានកើតឧបទ្ទវហេតុផ្សេងៗក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពផងដែរ។ ជាមួយឱកាសនោះពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មី វីរុសកូរ៉ូណា ដែលពិភពលោកកំពុងមានការព្រួយបារម្ភនិងយកចិត្តទុកដាក់ផងនោះ ។ ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បង្ក្រាប ទប់ស្កាត់នូវព័ត៌មាន មិនពិតទាំងឡាយ ដែលពួកមេរោគសង្គមតែងតែបំភ្លៃការពិត បំផុសឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំនិងភិតភ័យ ព្រោះបញ្ហានេះ កម្ពុជាយើង នៅមិនទាន់ជួបអ្វីដែលធ្ងន់ធ្ងរឡើយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាយើងក៏ដូចក្រសួងសុខាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹង ជៀសវាងការភាន់ច្រឡំតាមការបំផុសបំផុលធ្វើឲ្យមានការជ្រួលច្របល់និងបាត់ការជំនឿលើសមត្ថភាពរបស់រាជរដ្ឋាភិបាលយើង។