អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

សម្តេចតេជោ ហ៊ុន សែន រីករាយដោយបានចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០១៧ – ២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨-២០១៩ ដែលក្រសួងអប់រំយុវជន និងកីឡា បានរៀបចំឡើងយ៉ាងឱឡារិកក្នុងរយៈពេល៣ថ្ងៃ កន្លងមកនេះ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាប្រហែលជាត្រូវអូសនាវាផ្គត់ផ្គង់អគ្គិសនីតួកគី មកដាក់រយៈពេល៣ឆ្នាំ

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកលក់ម៉ាស៊ីនភ្លើងសុំកុំឲ្យដំឡើងថ្លៃ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការវិនិយោគលើវិស័យអគ្គិសនី បើគេធ្វើហើយត្រូវតែទិញគេ បើមិនទិញ គឺត្រូវសងគេតែម្តង

* សម្តេចតេជោ ហ៊ុន សែន បន្តសុំការយោគយល់ពីប្រជាពលរដ្ឋ ដោយសារតែឆ្នាំនេះដាច់ភ្លើងខ្លាំង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តវិភាជថវិកាប្រចាំឆ្នាំដល់វិស័យអប់រំ ដើម្បីពង្រាយគ្រូបង្រៀនបន្ថែម ជំនួសគ្រូដែលចូលនិវត្តន៍

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តគិតគូរ អំពីការដំឡើងប្រាក់បៀវត្ស និងប្រាក់លើកទឹកចិត្តដល់គ្រូបង្រៀន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការពង្រឹងគុណភាពវិស័យអប់រំនៅកម្ពុជា គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលសម្រេចរៀបចំស៊ីហ្គេម នៅខែឧសភា ឆ្នាំ២០២៣ គឺធ្វើមុនបោះឆ្នោត។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ដើម្បីសម្រេចបានតាមគោលនយោបាយអភិវឌ្ឍវិស័យអប់រំ សម្តេចសូមផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់
ថ្នាក់នៃក្រសួងអប់រំយុវជន និងកីឡា ដើម្បីចូលរួមអនុវត្តបន្តដូចខាងក្រោម៖

ទី១. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយ អភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ទន្ទឹមនេះត្រូវខិតខំជំរុញនិងពង្រីកកម្មវិធីអប់រំកុមារតូចនិងបង្កលក្ខណៈឱ្យកុមារបានសិក្សាយ៉ាងតិច ៩ ឆ្នាំ នៅសាលារៀន ដែលមានបរិស្ថានស្អាត ទឹកស្អាតនិងមានអនាម័យ។

ទី២. ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព នូវគោលនយោបាយភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រី អបរំគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការងារគ្រប់គ្រង ការដឹកនាំ
ការបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងប្រព័ន្ធការងារផែនការស្ថិតិអប់រំ ពង្រាយគ្រូបង្រៀនឱ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្ហាល និងគ្រឹះស្ថានសិក្សា ពិសេសពង្រឹងការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំ ។

ទី៣. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរិទ្ធ និងយុវជន ដោយបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនឱ្យមានស្មារតីទទួលខុសត្រូវ និងជឿជាក់លើសមត្ថភាព
របស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើជាវិជ្ជមាន។

ទី៤. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកីឡា តាមរយៈការជំរុញចលនាយុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ព្រមទាំងអភិវឌ្ឍសមាគមកីឡាមហាជន និងក្រុមកីឡាសិស្ស-និស្សិត ត្រូវបន្តពង្រីកសកម្មភាពអភិវឌ្ឍកម្មវិធីអប់រំកាយ និងកីឡា តាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស ។

ទី៥. ត្រូវបន្តបង្កើនប្រសិទ្ធភាពការប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងអាទិភាពនៃការអភិវឌ្ឍជាតិ ពង្រឹងភាពជាម្ចាស់ ភាពជាដៃគូ និងយន្តការនៃ
កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពឆ្នាំ២០៣០ ផ្សារភ្ជាប់ទៅនឹងការអប់រំ វប្បធម៌ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការគោរពគោលការណ៍សេរីភាព ប្រជាធិបតេយ្យការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្រ្តី និងកុមារ និងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់ប្រភេទនៅក្នុងសង្គម ។

Loading