អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំអាគារ”ឃ” សាលាខេត្ត មានរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សា លោកអភិបាល និងនាយករដ្ឋបាលក្រុង ស្រុកទាំង៨ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលខេត្តស្វាយរៀង សរុប ១៦០រូប ។

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថា ក្នុងនាមតំណាងឲ្យរដ្ឋបាលខេត្ត សូមថ្លែងនូវការសាទរចំពោះការដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងគាំទ្រពេញទំហឹងចំពោះការផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់មន្ទីរសុខាភិបាលខេត្ត ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលជាការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពោលជាការផ្ទេរសិទ្ធអំណាច និងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិត ប្រជាពលរដ្ឋ ក្នុងការចូលរួមគាំពារសុខមាលភាពប្រជាជនដល់មូលដ្ឋាន។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្ត អំពីការចាប់ផ្តើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលខេត្ត ។

ឯកឧត្តមបន្តថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត នឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធ នឹងការផ្តល់សេវាសុខាភិបាលនានាដែលបានប្រគល់ឱ្យ គឺផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ហើយប្រធានមន្ទីរសុខាភិបាលត្រូវមានគណនេយ្យភាព និងមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត ។

ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តគ្រប់ជាន់ថ្នាក់ក៏ដូចជា មន្ត្រីបុគ្គិលិកសុខាភិបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺ និងត្រូវមានក្រមសីលធម៌ លក្ខណ:សម្បត្តិក្នុងការបំពេញការងារព្យាបាលជូនប្រជាពលរដ្ឋឱ្យបានល្អ ព្រមទាំងបន្តចូលរួមដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឲ្យបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃរលកទី២ នៃការចម្លងមេរោគកូវីដ-១៩ នៅតាមសហគមន៍ក្នុងខេត្ត ៕

Loading