អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជួបសំណេះសំណាល ជាមួយពលរដ្ឋចំណាកស្រុក ដើម្បីឆ្លើយតបវិបត្តិជំងឺកូវីដ- ១៩ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស នៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំណាកស្រុក ចំនួន១០០នាក់ នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ដសៀមរាប ពិធីនេះមានការអញ្ជើញអមដំណើរ ដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត លោកស្រី ម៉ននី រង្សី អភិបាល នៃគណ:អភិបាលស្រុកក្រឡាញ់, លោកប្រធានក្រុមប្រឹក្សាស្រុក, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្រោមឱវាទ និងតំណាងអង្គការដៃគូពាក់ព័ន្ធ ។

ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខនោះ ក៏មានការចែកអំណោយ របស់អង្គការ IOM និងអង្គការ UNFPA ជូនដល់ប្រជាពលរដ្ឋ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងស្នាក់នៅធ្វើដាក់ដោយឡែករយ:ពេល ១៤ថ្ងៃ នៅវិទ្យាល័យក្រឡាញ់ផងដែរ ។

លោកជំទាវរដ្ឋលេខាធិការ បង្ហាញថា បច្ចុប្បន្ននេះ ពិភពលោក នៅតែប្រឈមនិងមេរោគកូវិដ-១៩ ហើយនៅរាល់ការធ្វើដំណើរឆ្លងដែន គឺត្រូវបានហាមឃាត់ដោយប្រទេសកំពុងអនុវត្តបទបញ្ជាបិទច្រកព្រំដែរ ។ ក្នុងរយៈពេលជាង ៣ខែកន្លងមកមានប្រជាពលកររាប់មុឺននាក់បានវិលត្រឡប់មកពីប្រទេសជិតខាង ហើយត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។លោកជំទាវបានបន្តថា ក្នុងដំណាក់កាលមេរោគកូវិដ-១៩នេះ យើងពិនិត្យឃើញថា មានប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែមានបំណងលួចឆ្លងដែនដោយខុសច្បាប់តាមរយ:ការចាញ់បោកមេខ្យល់។ លោកជំទាវ បានណែនាំឱ្យប្រជាពលរដ្ឋដែលមានបំណង់ឆ្លងដែនដោយខុសច្បាប់គួរបឈ្ឈប់ជាបន្ទាន់ ព្រោះការលួចឆ្លងដែនបច្ចុប្បន្ននេះ គឺបានធ្វើឱ្យបងប្អូនប្រឈម និងបញ្ហាជាច្រើន ដូចជា ងាយឆ្លងមេរោគកូវិដ១៩ ចាញ់បោកមេខ្យល់ខាតបង់ពេលវេលា និងប្រាក់កាស ហើយពេលឆ្លងចូលប្រទេសគេដោយខុសច្បាប់ ក្នុងករណីចាប់បានត្រូវរងទណ្ឌកម្មជាប់គុក និងធ្វើបាបគ្រប់សព្វបែបយ៉ាង។

លោកជំទាវ បន្ថែមថា រដ្ឋាភិបាលកម្ពុជាមិនហាមឃាត់ប្រជាពលរដ្ឋឱ្យទៅធ្វើការក្រៅប្រទេសនោះទេ ប៉ុន្តែ ប្រជាពលរដ្ឋក្នុងប្រទេសទាំងអស់ គួររង់ចាំឱ្យស្ថានភាពកូវីដបញ្ចប់សិន ។ ការចេញទៅធ្វើការនៅក្រៅប្រទេសនោះតាមរយ:ក្រសួងការងារ ឬក្រុមហ៊ុនស្របច្បប់ទើបមានសុវត្ថិភាព។ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋត្រូវផ្អាកធ្វើចំណាកស្រុកសិន ហើយគួរងាកមកធ្វើការងារនៅក្នុងស្រុកសិន ដូចជាការដាំដំណាំរួមផ្សំ ធ្វើស្រែ និងការងារផ្សេងៗជាច្រើនដែលប្រទេសយើងមាន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃនោះប្រសើរដែរ។
តាមរយ:សេចក្ដីរាយការណ៍របស់ លោកស្រីអភិបាលស្រុកក្រឡាញ់ ចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ស្រុកក្រឡាញ់មាន ប្រជាពលរដ្ឋបានធ្វើចត្តាឡីស័កនចំនូន៦៥៤នាក់ ស្រី ២៩៤នាក់។ ជាមួយនោះ អ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កមកដល់ថ្ងៃនេះមានចំនួន៥០៥នាក់ ស្រី២២៦នាក់ ក្នុងនោះ កុមារ ៥៦នាក់ និងស្ត្រីមានផ្ទៃពោះ ១២នាក់។ បច្ចុប្បន្ននៅសល់ចំនួន១៤៩នាក់ ក្នុងនោះស្រី ៦៨នាក់ កំពុងស្នាក់នៅមណ្ឌលចត្តាឡីស័ក និងមានប្រជាពលរដ្ឋធ្វើចំណូលស្រុកមកពីប្រទេសថៃជាបន្តបន្ទាប់ផងដែរ៕